សមាជិកព្រឹទ្ធសភាអាមេរិក Bernie Sanders ប្រកាសប្ដេជ្ញារារាំងថវិកាសង្គ្រាម ២០០ពាន់លានដុល្លារ ប្រឆាំងអ៊ីរ៉ង់

សមាជិកព្រឹទ្ធសភាអាមេរិក Bernie Sanders ប្រកាសប្ដេជ្ញារារាំងថវិកាសង្គ្រាម ២០០ពាន់លានដុល្លារ ប្រឆាំងអ៊ីរ៉ង់

សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Sanders បានប្រកាសថា លោកនឹងប្រឆាំងយ៉ាងខ្លាំងនឹងសំណើថវិកាសង្គ្រាម ២០០ពាន់លានដុល្លារ ដែលគ្រោងប្រើប្រាស់ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។

Bernie Sanders សមាជិកព្រឹទ្ធសភាអាមេរិក

ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មាន Anadolu នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។ លោក Sanders បានថ្លែងប្រាប់ទូរទស្សន៍ CNN ថា លោកនឹងដាក់សេចក្តីសម្រេចចិត្តរួមមួយ ដើម្បីបញ្ឈប់ការបញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែលផងដែរ។

លោកបានរិះគន់រដ្ឋបាលលោក ដូណាល់ ត្រាំ យ៉ាងធ្ងន់ធ្ងរ ចំពោះការបើកការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែល ដែលបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា។ លោកសង្កត់ធ្ងន់ថា៖ “ប្រជាជនអាមេរិកមិនចង់បានសង្គ្រាមនេះទេ!”

ការប្រឆាំងសង្គ្រាម

លោក Sanders បានបង្ហាញពីផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋអាមេរិក ដោយលើកឡើងថា ខណៈដែលរដ្ឋាភិបាលចំណាយលុយរាប់រយពាន់លានដុល្លារលើសង្គ្រាម ពលរដ្ឋខ្លួនឯងកំពុងដង្ហោយហៅរកជំនួយ ដោយសារតម្លៃសាំងឡើងថ្លៃ តម្លៃផ្ទះសម្បែង សេវាសុខាភិបាល និងអាហារ។

លោកបានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅរបស់លោកគឺចង់បញ្ឈប់ការបញ្ជូនគ្រាប់បែកចំនួន ២០,០០០គ្រាប់ និងគ្រឿងចក្រទៅឲ្យអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ផលប៉ះពាល់សង្គ្រាម

ចាប់តាំងពីការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈមក សង្គ្រាមនេះបានឆក់យកជីវិតមនុស្សអស់ជាង ១,៣៤០នាក់ ក្នុងនោះមានទាហានអាមេរិកយ៉ាងហោចណាស់ ១៣នាក់។

ស្ថានភាពនេះបានធ្វើឲ្យអ៊ីរ៉ង់វាយបកវិញតាមរយៈដ្រូន និងមីស៊ីល ដែលមិនត្រឹមតែបង្កឲ្យមានភាពវឹកវរក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារពិភពលោក ការដឹកជញ្ជូនតាមកប៉ាល់ និងវិស័យអាកាសចរណ៍អន្តរជាតិយ៉ាងខ្លាំងក្លាទៀតផង។

administrator

Related Articles