ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន ១២នាក់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៣ករណី កាលពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យទាំងនេះបានប្រព្រឹត្តបទល្មើសចំនួន ៣ករណី៖
១. ករណីលួចមានស្ថានទម្ងន់ទោស (កាប់និងវាយប្លន់យកម៉ូតូ) នៅវាលស្រែ១០០ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ វេលាម៉ោង៣រសៀល ថ្ងៃទី២២ មីនា២០២៦។
២. ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់វាយគប់ដោយដាវ មួកសុវត្ថិភាព និងដុំថ្ម) នៅផ្លូវលេខ២០១១ ភូមិខ្មែរលើ សង្កាត់គោករកា វេលាម៉ោង៤:៥០រសៀល ថ្ងៃទី២២ មីនា២០២៦។

៣. ករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ នៅផ្លូវកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី២១ មីនា២០២៦។
ជនសង្ស័យទាំង១២នាក់នេះ ភាគច្រើនមានអាយុចាប់ពី១៦ឆ្នាំដល់១៩ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្ន ពួកគេត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

ការស្រាវជ្រាវនេះធ្វើឡើងក្រោមការដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ។
