ខេត្តកណ្តាល៖ សាការណ៍ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅលើមហាវិថីក្រវាត់ក្រុងទី៣ នៅពេលយប់ថ្ងៃទី២៤ មីនា ក្រោយរថយន្តមិនស្គាល់ម៉ាកបុកម៉ូតូកិនអូសជាង៣០ម៉ែត្រ បណ្តាលឲ្យអ្នកជិះស្លាប់នៅកន្លែងកើតហេតុ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតគឺ លោក សេន វិវត្ស អាយុ៣២ឆ្នាំ ជាកម្មករមានស្រុកកំណើតខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅក្រុងតាខ្មៅជាមួយប្រពន្ធ។ លោកបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1JH-6300 ដោយមិនពាក់មួកសុវត្ថិភាព។

យោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅ ហេតុការណ៍នេះកើតឡើងនៅម៉ោង៧:៥០យប់ នៅចំណុចជិតបឹងត្នោត សង្កាត់សិត្បូ។ នៅពេលជនរងគ្រោះកំពុងជែងរថយន្តមួយគ្រឿងទៀត រថយន្តមិនស្គាល់ម៉ាកបានបុកពីក្រោយពេញទំហឹង កិនអូសទាំងមនុស្សនិងម៉ូតូប្រមាណ៣០ម៉ែត្រ។

“ម៉ូតូត្រូវបានអូសបន្តទៀតរហូតដល់៨០ម៉ែត្រ រីឯតៃកុងបានបន្ថែមល្បឿនរត់គេចបាត់ស្រមោលមុនសមត្ថកិច្ចមកដល់” មន្ត្រីនគរបាលបានឲ្យដឹង។
ក្រោយកើតហេតុ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណប័ណ្ណនិងទូរស័ព្ទរបស់ជនរងគ្រោះ ហើយបានទំនាក់ទំនងទៅកាន់ប្រពន្ធឲ្យមកទទួលសព។ សពត្រូវបានដឹកទៅមន្ទីរពេទ្យបង្អែកជ័យជំនះ មុននឹងយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកមុខសញ្ញារថយន្តបង្កហេតុ ដើម្បីតាមចាប់ខ្លួនតៃកុងយកមកផ្តន្ទាទោសតាមច្បាប់។ ករណីនេះជាការរំលឹកដល់អ្នកបើកបរទាំងអស់ពីសារៈសំខាន់នៃការគោរពច្បាប់ចរាចរណ៍ និងការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរតាមផ្លូវ។
