ខេត្តបន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់យ៉ាងច្បាស់ថា ការរៀបចំដីធ្លីនិងផ្ទះសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារយោធាថៃហ៊ុមព័ន្ធនៅតាមព្រំដែន មិនមែនជាថ្នូរនៃការដោះដូរជាមួយដីដែលពួកគេបាត់បង់ទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បងប្អូនប្រជាពលរដ្ឋដែលមិនអាចចូលទៅរស់នៅលើទីតាំងដីរបស់ខ្លួនបាន ដោយសារយោធាថៃហ៊ុមព័ន្ធបន្លាលួស រួមមានភូមិជោគជ័យភូមិព្រៃចាន់ (ឃុំអូរបីជាន់ ស្រុកអូរជ្រៅ) និងភូមិសាមគ្គី ភូមិត្រពាំងសំរោង ភូមិផ្លូវបំបែក និងភូមិបន្ទាយមានឬទ្ធិ (ឃុំគោករមៀត ស្រុកថ្មពួក)។
រាជរដ្ឋាភិបាលកំពុងរៀបចំដីធ្លីជាគម្រោងរបស់សមាគមអតីតយុទ្ធជន ដើម្បីសាងសង់ផ្ទះសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋទាំងនេះ។ គម្រោងនេះមានទីតាំងនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក លើផ្ទៃដីទំហំ៤០០ហិកតា ដោយមានហេដ្ឋារចនាសម្ព័ន្ធនានាគ្រប់គ្រាន់។
បច្ចុប្បន្ន ក្រុមការងារបានចាប់ផ្តើមសាងសង់ផ្ទះបានមួយចំនួន ហើយបានផ្តល់ជូនសម្រាប់ជនភៀសសឹកតាមរយៈការចាប់ឆ្នោតជាជំហានដំបូង។
រដ្ឋបាលខេត្តបានពន្យល់ថា នេះគ្រាន់តែជាការរៀបចំឱ្យរស់នៅជាបណ្តោះអាសន្នប៉ុណ្ណោះ ដោយរង់ចាំរាជរដ្ឋាភិបាលដោះស្រាយជាមួយភាគីថៃចប់សម្រេច។ នៅពេលដែលបញ្ហាត្រូវបានដោះស្រាយ ប្រជាពលរដ្ឋទាំងអស់នឹងត្រូវវិលត្រឡប់ទៅរស់នៅលើទីតាំងលំនៅឋានដើមរបស់ខ្លួនវិញ។
ដោយ៖ សិលា
