រថយន្តដឹកដីបុកសំយ៉ាបផ្ទះ រួចត្រូវម៉ូតូបុកពីក្រោយ បណ្តាលឱ្យស្លាប់ ១ របួស ១

រថយន្តដឹកដីបុកសំយ៉ាបផ្ទះ រួចត្រូវម៉ូតូបុកពីក្រោយ បណ្តាលឱ្យស្លាប់ ១ របួស ១

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ស្នោរ ខណ្ឌកំបូល។

រថយន្តដឹកដីបុកសំយ៉ាបផ្ទះ

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានរថយន្តដឹកដីមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 3C-2847 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច ហើយបានរេចង្កូតទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យរថយន្តបែកកញ្ចក់ផ្នែកខាងមុខ ចំណែកសំយ៉ាបផ្ទះរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ម៉ូតូដែលបុកពីក្រោយរថយន្ត

បន្ទាប់មក មានរថយន្តមួយគ្រឿងទៀតបានអូសរថយន្តដឹកដីថយក្រោយ ហើយចតទុកនៅចិញ្ចើមផ្លូវដោយមិនបានដាក់ភ្លើងសញ្ញាសម្គាល់។ ស្រាប់តែមានបុរស២នាក់ជិះម៉ូតូ HONDA PCX ពាក់ផ្លាកលេខ ភ្នំពេញ 1HF-4712 ជិះឌុបគ្នា បានជ្រុលទៅបុករថយន្តដឹកដីពីក្រោយ បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ទៀត ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

កន្លែងកើតហេតុ

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើលិខិតប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ។

សមត្ថកិច្ចធ្វើការវាស់វែង

administrator

Related Articles