សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបការរញ្ជួយយ៉ាងខ្លាំង ដោយតម្លៃប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និងទំនិញសំខាន់ៗកំពុងឡើងថ្លៃខ្ពស់កប់ពពក។ ទោះជាយ៉ាងណា ប្រទេសខ្លះនៅតំបន់អាស៊ីអាគ្នេយ៍អាចគេចផុតពីផលប៉ះពាល់ធ្ងន់ធ្ងរបាន។

យោងតាមការវិភាគរបស់ទស្សនាវដ្តី Time ប្រទេស៤ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានសមត្ថភាពទប់ទល់នឹងវិបត្តិនេះបានល្អជាងគេមានដូចជា៖
១. ឡាវ
ឡាវពឹងផ្អែកយ៉ាងខ្លាំងលើថាមពលវារីអគ្គិសនីសម្រាប់ការផលិតអគ្គិសនី ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈពីបរទេស។ ស្ថានភាពហិរញ្ញវត្ថុដែលមានតុល្យភាពក៏ជួយឱ្យប្រទេសនេះមានស្ថិរភាពផងដែរ។

២. ម៉ាឡេស៊ី
ក្នុងនាមជាប្រទេសនាំចេញប្រេងនិងឧស្ម័នធម្មជាតិ ម៉ាឡេស៊ីមានអត្ថប្រយោជន៍ពីការឡើងថ្លៃថាមពល។ ប្រទេសនេះផលិតឧស្ម័នធម្មជាតិបានគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក និងមានតែ១៥.៦%ប៉ុណ្ណោះដែលនាំចូលប្រេងពីតំបន់ឈូងសមុទ្រពែរ្ស។
៣. ឥណ្ឌូណេស៊ី
ទោះជាប្រទេសនាំចូលសុទ្ធក៏ដោយ ឥណ្ឌូណេស៊ីមានការពឹងផ្អែកតិចលើប្រេងពីមជ្ឈិមបូព៌ា។ រដ្ឋាភិបាលកំពុងជំរុញការប្រើប្រាស់ប្រេងដូងក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលប្រេងឆៅ។

៤. ប្រ៊ុយណេ
ប្រ៊ុយណេជាប្រទេសនាំចេញប្រេងនិងឧស្ម័នសំខាន់ ដែលមានផលិតកម្មលើសពីតម្រូវការក្នុងស្រុក។ ការឡើងថ្លៃថាមពលសកលអាចជួយបង្កើនចំណូលពីការនាំចេញរបស់ខ្លួនថែមទៀត។
ការវិភាគនេះបង្ហាញថា ប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនមានសមត្ថភាពការពារខ្លួនពីផលប៉ះពាល់សង្គ្រាមបានល្អ ដោយសារភាពចម្រុះនៃប្រភពថាមពល និងការពឹងផ្អែកទាបលើប្រេងពីតំបន់មជ្ឈិមបូព៌ា។
