ខេត្តប៉ៃលិន៖ កសិករនៅក្នុងខេត្តប៉ៃលិនកំពុងសប្បាយរីករាយជាមួយនឹងតម្លៃគ្រាប់ស្វាយចន្ទីដែលកំពុងហក់ឡើងខ្ពស់ដល់ជិត៨០០០រៀលក្នុង១គីឡូក្រាម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

កសិករជាច្រើនកំពុងនាំគ្នាប្រមូលផលគ្រាប់ស្វាយចន្ទីពីចំការរបស់ខ្លួន ដើម្បីលក់ឱ្យឈ្មួញដែលដើរទិញតាមផ្ទះ។ ក្នុងចំណោមកសិករទាំងនោះ លោក លី ម អាយុ៥៥ឆ្នាំ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន បានរៀបរាប់ថា៖ “ខ្ញុំមានដីចំការ៥ហិកតា ដាំដំណាំស្វាយចន្ទីជាង១០០០ដើម។ នៅឆ្នាំ២០២៦នេះ ខ្ញុំទទួលបានទិន្នផលច្រើនជាងឆ្នាំមុនៗ ដោយសារខ្ញុំបានផលិតជីធម្មជាតិទឹកដោយខ្លួនឯង និងដើរស្រោចទឹកជាញឹកញាប់។”

លោកបន្តថា៖ “អ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តនាឆ្នាំថ្មីនេះ គឺតម្លៃទីផ្សារឡើងខ្ពស់លើសការរំពឹងទុក។ ក្រុមឈ្មួញដើរទិញក្នុង១គីឡូក្រាមតម្លៃជិត៨០០០រៀល ពោលគឺហក់ឡើងខ្ពស់ជាងឆ្នាំមុនឆ្ងាយខ្លាំង។ ខ្ញុំសង្ឃឹមថាអាចទទួលបានថវិកាយកទៅសងជំពាក់បំណុលគេរួចរាល់ ហើយនៅសល់ខ្លះអាចនឹងធ្វើដើមទុនថែទាំដំណាំបន្តទៀត។”

ទោះជាយ៉ាងណា កសិករមួយចំនួនទៀតបានលើកឡើងដោយរអ៊ូរទាំថា ដំណាំស្វាយចន្ទីរបស់ខ្លួននាឆ្នាំនេះមិនសូវកាន់ផ្កា ហើយមានការជ្រុះក្តិបអស់ច្រើន ដោយសារអាកាសធាតុមិនអំណោយផល។ ពួកគាត់នឹងរកវិធីសាស្ត្រ និងសួរនាំអ្នកដែលថែទាំបានល្អ ដើម្បីយកធ្វើជាគំរូ។

យោងតាមរបាយការណ៍ពីមន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ខេត្តប៉ៃលិន ផ្ទៃដីដាំដុះស្វាយចន្ទីអនុវត្តបានចំនួន២៧៤២ហិកតា ហើយផ្ទៃដីកំពុងប្រមូលផលអនុវត្តបាន៤៧២ហិកតា ស្មើនឹង១៣% នៃផ្ទៃដាំដុះសរុបទាំងអស់ ដោយបរិមាណផល២៨៩តោន។ បើប្រៀបធៀបទៅនឹងបរិមាណផលប្រចាំឆ្នាំ២០២៥ មានចំនួន៥០៤៩តោន។

អត្ថបទសរសេរដោយ នីយ៉ា | កែសម្រួលដោយ ធីតា
