ភ្នំពេញ៖ សហរដ្ឋអាមេរិកកំពុងរៀបចំផែនការបញ្ជូនទាហានរាប់ពាន់នាក់បន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងពេលដែលភាពតានតឹងជាមួយប្រទេសអ៊ីរ៉ង់បន្តកើនឡើង។

យោងតាមប្រភពព័ត៌មានពីរដែលស្គាល់ពីបញ្ហានេះ មន្ទីរបញ្ចកោណកំពុងរៀបចំផែនការដាក់ពង្រាយកងទ័ពពីកងពលទ័ពអាកាសលេខ ៨២ ដែលជាកងកម្លាំងពិសេសរបស់កងទ័ពសហរដ្ឋអាមេរិក ទៅកាន់តំបន់មជ្ឈិមបូព៌ា។
ការផ្លាស់ប្តូរយោធានេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងខ្លាំងក្លានៅតំបន់មជ្ឈិមបូព៌ា ទោះបីជាប្រធានាធិបតីដូណាល់ ត្រាំ នៅតែបន្តនិយាយអំពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក៏ដោយ។

ប្រភពព័ត៌មានបានបង្ហាញថា ទីតាំងជាក់លាក់ និងពេលវេលានៃការដាក់ពង្រាយនៅក្នុងតំបន់នេះមិនទាន់ច្បាស់លាស់នៅឡើយទេ។ ទាហានទាំងនេះបច្ចុប្បន្នកំពុងឈរជើងនៅ Fort Bragg រដ្ឋ North Carolina។
ការដាក់ពង្រាយកងទ័ពបានកើតឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពីប្រធានាធិបតី Trump បានពន្យារពេលការគំរាមកំហែងរបស់គាត់ក្នុងការវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់ ដោយបញ្ជាក់ថាការចរចា “ស្ថាបនា” បានកើតឡើង។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ក្រោយមកបានបដិសេធថាការចរចាបានកើតឡើង។

មុនពេលការពង្រឹងកម្លាំង សហរដ្ឋអាមេរិកបានរក្សាកងទ័ពប្រហែល ៥០,០០០ នាក់នៅក្នុងតំបន់។ ការដាក់ពង្រាយដែលរំពឹងទុកមានចាប់ពី ៣,០០០ ទៅ ៤,០០០ នាក់ នឹងបង្កើនសមត្ថភាពរបស់សហរដ្ឋអាមេរិកសម្រាប់ប្រតិបត្តិការនាពេលអនាគត។
