ភ្នំពេញ៖ កម្លាំងអាជ្ញាធរបានរកឃើញសពជនរងគ្រោះទាំង៨នាក់ពីករណីលិចទូកស្មាច់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដោយការស្វែងរកបានបញ្ចប់ជាផ្លូវការនៅម៉ោង៨ព្រឹកថ្ងៃនេះ។

លោក ជួន ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានបញ្ជាក់ថា នៅលើទូកស្មាច់ដែលលិចនោះមានមនុស្សចំនួន១៣នាក់ ក្នុងនោះមានស្រី៧នាក់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០:៣០ព្រឹកថ្ងៃទី២៣ មីនា ២០២៦ ក្នុងភូមិក្បាលកោះ។

ក្នុងចំណោមជនរងគ្រោះទាំង១៣នាក់ មាន៥នាក់ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា រីឯ៨នាក់ទៀតបានស្លាប់ក្នុងហេតុការណ៍នេះ។ មូលហេតុបណ្ដាលមកពីទូកស្មាច់មានសភាពតូច ហើយដឹកធ្ងន់ខ្លាំងពេក បណ្ដាលឱ្យលិចទូក។

សពទាំង៨នាក់បច្ចុប្បន្នត្រូវបានបញ្ជូនទៅអាជ្ញាធរឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីរៀបចំឯកសារប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី។

កម្លាំងអាជ្ញាធរបានធ្វើការស្វែងរកជនរងគ្រោះយ៉ាងយកចិត្តទុកដាក់ ដោយធ្វើការទាំងយប់ទាំងថ្ងៃចាប់តាំងពីថ្ងៃកើតហេតុរហូតមកទល់ពេលនេះ។
