ខេត្តមណ្ឌលគិរី – កម្លាំងសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននៅស្រុកពេជ្រដា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ស ថេត និងការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ទោ ឡោ សុខា។ កម្លាំងសមត្ថកិច្ចរួមមានការិយាល័យប្រឆាំងគ្រឿងញៀន និងនគរបាលស្រុកពេជ្រដា បានធ្វើការចុះស្រាវជ្រាវនៅភូមិពូតាង ឃុំពូជ្រៃ។

ជនសង្ស័យទាំង៤នាក់មានឈ្មោះ៖ ផង់ ផល្លីន (៤៤ឆ្នាំ), ថា សាម៉េន (២០ឆ្នាំ), រិទ្ធី អាទិត្យ (១៩ឆ្នាំ) និង ទូច ចាន់ថន (២៩ឆ្នាំ)។ ការតេស្តរកសារធាតុញៀនលើជនសង្ស័យទាំង៤នាក់បានបង្ហាញលទ្ធផលវិជ្ជមាន។ ជនសង្ស័យ ផង់ ផល្លីន ត្រូវបានអនុវត្តដីកាចាប់ខ្លួនពីមុន។
ក្នុងប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានដកហូតសារធាតុញៀនមេតំហ្វេតាមីនទម្ងន់ ០.៥៦ក្រាម ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូ៣គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យនិងសម្ភារៈវត្ថុតាងត្រូវបានកសាងសំណុំរឿងផ្ញើទៅសាលាដំបូងខេត្តមណ្ឌលគិរីតាមនីតិវិធីច្បាប់។
