
កម្លាំងសមត្ថកិច្ចជំនាញនៃអធិការក្រុងបាត់ដំបង បានចាប់ខ្លួនក្រុមជនសង្ស័យចាស់ក្មេងមួយក្រុម ដែលបានបន្លំចូលលួចលុយក្នុងផ្ទះប្រជាពលរដ្ឋ និងយកគ្រឿងអលង្ការមួយចំនួន មានតម្លៃសរុបជិត ៥០០ លានរៀល។

បើតាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ច កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ មានករណីបន្លំចូលលួចលុយនៅផ្ទះអ្នកលក់ដូរសម្លៀកបំពាក់បោះដុំមួយកន្លែង នៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។ ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ មន្ត្រីជំនាញបានធ្វើការស្រាវជ្រាវ និងកំណត់ទៅលើមុខសញ្ញាកញ្ញាវ័យក្មេងៗ ដែលពួកនាងធ្លាប់ដើរចូលផ្ទះគេកន្លងមក។

លោកសមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យកន្លែងកើតហេតុ ពួកនាងបានឡើងផ្លោះរបងខាងក្រោយផ្ទះ រួចចូលតាមទ្វារក្រោយ ខណៈម្ចាស់ផ្ទះកំពុងនៅលក់ដូរខាងមុខ។ ពួកនាងបានចូលកាយលួចយកលុយដាក់ថង់ និងគ្រឿងអលង្ការមួយចំនួន បោះចេញទៅក្រៅរបងខាងក្រោយ រួចនាំគ្នាជញ្ជូនចេញរត់គេចខ្លួនបាត់ស្រមោល។

ក្រុមជនសង្ស័យវ័យក្មេង និងចាស់ទាំង ០៣ នាក់នេះ ត្រូវបានកម្លាំងជំនាញនៃអធិការក្រុងបាត់ដំបងធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនបានជាបន្តបន្ទាប់ ជាមួយនឹងការរឹបអូសវត្ថុតាងបានមួយចំនួន រួមមានប្រាក់ខ្មែរចំនួន ២៦៧,៩៥០,០០០ លានរៀល ខ្សែលោហៈពណ៌លឿងចំនួន ០៤ ខ្សែ ផ្លាកដៃលោហៈពណ៌លឿងចំនួន ០១ ខ្សែ ខ្សែដៃលោហៈពណ៌លឿងចំនួន ០១ ខ្សែ ក្រវិលលោហៈពណ៌លឿង ០១ គូ បន្ដោងព្រះចំនួន ០១ ម៉ូតូម៉ាកស្គូពីគ្មានលេខ ០១ គ្រឿង ទូរស័ព្ទចំនួន ០៤ គ្រឿង រួមជាមួយវត្ថុតាងពាក់ព័ន្ធមួយទៀត។
បច្ចុប្បន្នក្រុមជនសង្ស័យចាស់ក្មេងទាំងនេះ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវីធីច្បាប់៕
