ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលបានចាត់វិធានការឃាត់ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ដែលបានហ៊ានបង្ហោះម៉ូតូលើខ្នងប្រឡាយទឹក ដើម្បីបង្ហាញភាពក្លាហានអួតមិត្តភក្តិ។

ព្រឹត្តិការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅភូមិបឹងចង្រៀក ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ក្មេងប្រុសឈ្មោះ សំអូន ចាន់និសា អាយុ១៣ឆ្នាំ ជាសិស្សសាលា និងមិត្តភក្តិបានធ្វើសកម្មភាពគ្រោះថ្នាក់នេះ។

ក្រោយពីត្រូវនគរបាលឃាត់ ក្មេងប្រុសបានទទួលស្គាល់ថា ខ្លួនធ្វើសកម្មភាពនេះដោយសារតែមិត្តភក្តិឌឺដងថាមានម៉ូតូតែមិនចេះបង្ហោះ ទើបខ្លួនហ៊ានធ្វើដើម្បីបង្ហាញភាពក្លាហាន។

សមត្ថកិច្ចបានអនុវត្តវិធានការចំពោះក្មេងប្រុសនេះតាមគោលការណ៍៣ចំណុច៖ កោរសក់ក្បាល ធ្វើពលកម្មសម្អាតបរិស្ថាន អប់រំធ្វើកិច្ចសន្យា អញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យា និងដកហូតម៉ូតូម៉ាកស៊ុយហ្ស៊ុយគី Let’s ពណ៌ស ផ្លាកលេខកំពង់ស្ពឺ 1O-3729 យកមករក្សាទុក៩០ថ្ងៃ។
នគរបាលបានដាស់តឿនពលរដ្ឋឱ្យប្រុងប្រយ័ត្នក្នុងការថែទាំកូនចៅ កុំឱ្យហក់ចូលក្រុមមិនល្អ និងខិតខំរៀនសូត្រ ដើម្បីក្លាយជាពលរដ្ឋល្អនៅថ្ងៃអនាគត។
