
រាជធានីភ្នំពេញ៖ តារាសម្ដែងពីររូបដ៏ល្បីល្បាញ គឺនាងចន សុទីម៉ា និងនាងអ៊ិន លក្ខិណា បានសន្យាយ៉ាងច្បាស់ថា នឹងបន្តខិតខំផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

ការសន្យានេះធ្វើឡើងបន្ទាប់ពីតារាទាំងពីរត្រូវបានអញ្ជើញចូលរួមក្នុងវេទិកាយុវជនក្នុងកិច្ចការវប្បធម៌ ក្រោមប្រធានបទ “រួមគ្នាការពារនិងលើកស្ទួយសិល្បៈវប្បធម៌ជាតិ” ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។
នាងចន សុទីម៉ា បានថ្លែងថា៖ “ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយខ្ញុំសន្យាថា នឹងការពារ និងផ្សព្វផ្សាយវប្បធម៌អរិយធម៌ដ៏ល្អផូរផង់របស់ប្រទេសកម្ពុជា ឱ្យកាន់តែល្បីល្បាញដល់អន្តរជាតិទូទាំងពិភពលោក។”

ចំណែកនាងអ៊ិន លក្ខិណា ក៏បានបញ្ជាក់ថា៖ “ក្នុងនាមជាសិល្បការិនី និងជាកូនចៅខ្មែរជំនាន់ក្រោយ ខ្ញុំប្តេជ្ញានឹងបន្តសកម្មភាពលើកស្ទួយមរតកវប្បធម៌ជាតិឱ្យល្បាញល្បីទៅកាន់សកលលោក តាមរយៈការបង្កើតមាតិកាលើបណ្តាញសង្គម។”

ជាការកត់សម្គាល់ តារាទាំងពីរបានធ្វើជាវីដេអូផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរលើបណ្តាញសង្គមជាបន្តបន្ទាប់។ កាលពីពេលថ្មីៗនេះ នាងចន សុទីម៉ា បានចូលរួមជាមួយតារា៤នាក់ផ្សេងទៀត គ្រងសម្លៀកបំពាក់ប្រពៃណីបុរាណ អមជាមួយសកម្មភាពលេងល្បែងប្រជាប្រិយខ្មែរ។

ចំណែកនាងអ៊ិន លក្ខិណា ក៏បានចូលរួមសកម្មភាពដូចគ្នានេះជាបន្តបន្ទាប់ដែរ ដោយនាងបានគ្រងជាតួអង្គអប្សរាមាស និងប្រាក់ នៅក្នុងថ្ងៃសមរាត្រី នៅលើទឹកដីអង្គរ។ សកម្មភាពរបស់អ្នកទាំងពីរបានទទួលការទាក់ទាញ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវជាតិ និងអន្តរជាតិ។

តារាទាំងពីរបានសន្យាថា នឹងបន្តសកម្មភាពផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរតាមរយៈបណ្តាញសង្គម និងការចូលរួមកម្មវិធីវប្បធម៌ផ្សេងៗ ដើម្បីធានាថា មរតកវប្បធម៌ជាតិនឹងត្រូវបានថែរក្សា និងលើកស្ទួយឱ្យកាន់តែរុងរឿង។

អត្ថបទសរសេរដោយ៖ សុខ វាសនា
កែសម្រួលដោយ៖ ស្រីណា

