ខេត្តតាកែវ៖ កម្មកររោងចក្រកាត់ដេរ «ហ្គោលឌិនភីស» ចំនួន ២៦នាក់ ដែលភាគច្រើនជាស្រី (២៤នាក់) បានដួលសន្លប់ជាបន្តបន្ទាប់ក្នុងម៉ោងការងារ នារសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២៦។

អាជ្ញាធរស្រុកគិរីវង់ បានចុះអន្តរាគមន៍សង្គ្រោះភ្លាមៗ ដោយដឹកជញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់។ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងចម្រុះចុះទៅសម្របសម្រួលការសង្គ្រោះ។

លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានចុះសួរសុខទុក្ខ និងណែនាំដល់ក្រុមគ្រូពេទ្យឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការព្យាបាលបងប្អូនកម្មករ។

បើតាមការសន្និដ្ឋានបឋមរបស់អាជ្ញាធរ ករណីដួលសន្លប់នេះបណ្តាលមកពីអារម្មណ៍ភ័យស្លន់ស្លោតៗគ្នា (តក់ស្លុត) ក្នុងរោងចក្រ។ រោងចក្រនេះមានកម្មករសរុប ១,២៣៩នាក់។

លោក ម៉ឹង វិរីយ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានសម្របសម្រួលជាមួយម្ចាស់រោងចក្រ ដើម្បីអនុញ្ញាតឱ្យកម្មករទាំងអស់សម្រាកការងារមួយរសៀលសិន។

កម្មករដែលដួលសន្លប់ទាំង ២៦នាក់ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលរហូតដល់សះស្បើយ ទើបត្រឡប់មកធ្វើការវិញ ដោយពុំមានការកាត់ប្រាក់ឈ្នួលឡើយ។

ស្ថានភាពអ្នកដែលដួលសន្លប់ មកទល់ពេលនេះមានសភាពធូរស្រាល និងស្ថិតក្រោមការមើលថែយ៉ាងដិតដល់ពីសំណាក់គ្រូពេទ្យជំនាញ។


អាជ្ញាធរបានអះអាងថា ករណីនេះមិនមែនបណ្តាលមកពីការហួសកំហាប់ឧស្ម័ន ឬការបំពុលខ្យល់នោះទេ ប៉ុន្តែគ្រាន់តែជាការភ័យស្លន់ស្លោតៗគ្នាក្នុងបរិយាកាសធ្វើការប៉ុណ្ណោះ។
