ភ្នំពេញ៖ ស្ថាប័នជំនាញបានដាស់តឿនពីរលកកម្ដៅដ៏គ្រោះថ្នាក់មួយ ដែលនឹងបោះបោកលើខេត្តចំនួន៥ រហូតដល់ថ្ងៃទី៧ ខែមេសា ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់មន្ទីរធនធានទឹកនៃខេត្តទាំង៥ ដែលចេញផ្សាយនៅថ្ងៃទី២៥ មីនា ខេត្តបាត់ដំបង ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ធំ និងព្រះវិហារ នឹងជួបប្រទះនូវកម្ដៅហក់ឡើងខ្លាំង ចន្លោះ ៣៧°C ទៅដល់ ៤២°C។ រលកកម្ដៅនេះនឹងចាប់ផ្ដើមពីថ្ងៃទី២៦ មីនា រហូតដល់ថ្ងៃទី៧ មេសា។
«ស្រ្ដី មនុស្សចាស់ និងកុមារតូចៗ គឺជាក្រុមងាយរងគ្រោះបំផុតពីឥទ្ធិពលនៃរលកកម្ដៅនេះ។» នេះជាការរំឭករបស់ស្ថាប័នជំនាញ ដែលបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋឱ្យបង្កើនការការពារខ្លួន។

ស្ថាប័នជំនាញបានណែនាំឱ្យពលរដ្ឋចៀសវាងការនៅក្រោមកម្ដៅថ្ងៃយូរ ព្រមទាំងយកចិត្តទុកដាក់លើសត្វ និងដំណាំនានាដែលនៅជុំវិញខ្លួន ដើម្បីជៀសវាងជំងឺ ឬការខូចខាតផ្សេងៗ។
បើតាមការបញ្ជាក់ មូលហេតុដែលធ្វើឱ្យអាកាសធាតុក្ដៅខ្លាំងបែបនេះ គឺបណ្ដាលមកពីឥទ្ធិពលសម្ពាធខ្ពស់ថេរ និងលំហូរខ្យល់មានកម្រិតខ្សោយ ធ្វើឱ្យកម្ដៅនៅបន្តដក់ជាប់ក្នុងបរិយាកាសបានយូរ។

ស្ថាប័នជំនាញបានជំរុញឱ្យមានការប្រុងប្រយ័ត្នជាពិសេសចំពោះក្រុមងាយរងគ្រោះ និងធ្វើការតាមដានស្ថានភាពអាកាសធាតុឱ្យបានជាប្រចាំ។

អាជ្ញាធរមូលដ្ឋានត្រូវបានអំពាវនាវឱ្យរៀបចំផែនការប្រតិបត្តិការសង្គ្រោះបន្ទាន់ និងផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ដោយ៖ សិលា
