ភ្នំពេញ – ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូស ជូណៀ បានប្រកាសពី«អាសន្នថាមពលជាតិ»កាលពីថ្ងៃអង្គារ ដើម្បីឆ្លើយតបទៅនឹងវិបត្តិថាមពលដែលបង្កឡើងដោយសង្គ្រាមនៅមជ្ឈិមបូព៌ា។

លោកម៉ាកូសបានថ្លែងថា៖ «ការផ្គត់ផ្គង់ថាមពលរបស់ហ្វីលីពីនកំពុងខិតកាន់តែជិតគ្រោះថ្នាក់។ ការប្រកាសអាសន្នថាមពលជាតិនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលអនុវត្តវិធានការឆ្លើយតប និងសម្របសម្រួលក្រោមច្បាប់ដែលមានស្រាប់»។
សេចក្ដីប្រកាសអាសន្ននេះនឹងនៅតែមានសុពលភាពរយៈពេល១ឆ្នាំ ដោយអនុញ្ញាតឱ្យរដ្ឋាភិបាលទិញប្រេងឥន្ធនៈ និងផលិតផលប្រេងកាត ហើយបើចាំបាច់អាចបង់ប្រាក់ជាមុនសម្រាប់កិច្ចសន្យាទិញពីអ្នកផ្គត់ផ្គង់។
ជាផ្នែកមួយនៃការឆ្លើយតបក្នុងគ្រាអាសន្ន គណៈកម្មាធិការមួយត្រូវបានបង្កើតឡើង ដើម្បីធានាបាននូវការផ្គត់ផ្គង់ ការចែកចាយ និងការអាចរកបាននៃប្រេងឥន្ធនៈ អាហារ ថ្នាំពេទ្យ និងទំនិញចាំបាច់ផ្សេងៗ។
រដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោកស្រី Sharon Garin បានប្រាប់ថា ប្រទេសនេះនៅតែមានការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រហែល៤៥ថ្ងៃ ដោយផ្អែកលើកម្រិតប្រើប្រាស់បច្ចុប្បន្ន។ រដ្ឋាភិបាលកំពុងធ្វើការដើម្បីទិញប្រេងចំនួន១លានបារ៉ែលពីប្រទេសនានា។
ការប្រកាសអាសន្ននេះធ្វើឡើងក្នុងពេលដែលក្រុមកម្មករដឹកជញ្ជូន អ្នកធ្វើដំណើរ និងក្រុមអ្នកប្រើប្រាស់មានគម្រោងធ្វើកូដកម្មរយៈពេល២ថ្ងៃ ដើម្បីតវ៉ាប្រឆាំងនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។
សហព័ន្ធសមាគមដឹកជញ្ជូនសាធារណៈហ្វីលីពីន (Piston) បានហៅការប្រកាសអាសន្ននេះថាជា«វិធីសាស្រ្តលឿនស្លន់» ដែលមិនអើពើពីឬសគល់នៃវិបត្តិថាមពល។
