ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពអាកាសធាតុនៅទូទាំងប្រទេសកម្ពុជា សម្រាប់រយៈពេលចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ។

យោងតាមក្រសួង របបខ្យល់មូសុងឦសាន ដែលកំពុងបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា នឹងមានឥទ្ធិពលលើអាកាសធាតុនៅកម្ពុជា។ ក្រសួងបានបញ្ជាក់ពីស្ថានភាពអាកាសធាតុតាមតំបន់ផ្សេងៗដូចខាងក្រោម៖
១. តំបន់វាលទំនាប៖
សីតុណ្ហភាពនឹងមានចន្លោះពី២៣°C ដល់៣៦°C។ ខ្យល់នឹងបក់មកពីទិសឦសាន និងទិសបូព៌ ដោយមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ បាត់ដំបង និងសៀមរាប អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រហែល ១០%។ ចំណែកឯខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម តាកែវ ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ មិនមានភ្លៀងធ្លាក់ទេ។

២. តំបន់ខ្ពង់រាប៖
សីតុណ្ហភាពនឹងមានចន្លោះពី២៣°C ដល់៣៥°C។ ខ្យល់នឹងបក់មកពីទិសឧត្តរ និងទិសឦសាន ដោយមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ រតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ មិនមានភ្លៀងធ្លាក់ទេ។
៣. តំបន់មាត់សមុទ្រ៖
សីតុណ្ហភាពនឹងមានចន្លោះពី២៤°C ដល់៣៥°C។ ខ្យល់នឹងបក់មកពីទិសនិរតី និងទិសអាគ្នេយ៍ ដោយមានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីប្រហែល ១០%។ រលកសមុទ្រនឹងមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រ ដល់ ១,០០ម៉ែត្រ។

ក្រសួងធនធានទឹក និងឧតុនិយម បានផ្ដល់ដំបូន្មានដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងតាមដានព័ត៌មានអាកាសធាតុពីប្រភពផ្លូវការជានិច្ច។
