ចាប់ខ្លួនជនជាតិចិន១៥នាក់ ក្នុងបុរីអ័រគីដេ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ

ចាប់ខ្លួនជនជាតិចិន១៥នាក់ ក្នុងបុរីអ័រគីដេ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន៤ករណីនៅក្នុងបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

ការប្រតិបត្តិការបង្ក្រាបទីតាំងឆបោក

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន១៥នាក់ និងដកហូតវត្ថុតាងរួមមានទូរសព្ទដៃ៤៣គ្រឿង កុំព្យូទ័រយួរដៃ៥គ្រឿង រថយន្តម៉ាក GAC GN8 មួយគ្រឿង និងសារធាតុញៀនក្រាមថ្លាសង្ស័យជាគ្រឿងញៀនមួយកញ្ចប់។

ការប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ អាជ្ញាធរបានសម្រេចបិទឃ្លុំជាបណ្តោះអាសន្ននូវផ្ទះលេខ ERM-059 ផ្លូវរំចង់ និងផ្ទះលេខ ERM-059 ផ្លូវផ្កាឈូក ដែលជាកន្លែងប្រព្រឹត្តបទល្មើស។

វត្ថុតាងពីការប្រតិបត្តិការ

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

តាមរបាយការណ៍របស់គណៈកម្មការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការបោសសម្អាត Online Scams នៅទូទាំងប្រទេសគិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ បានបង្ក្រាបដល់ទីតាំងសរុប២៣៦ទីតាំង។

ក្រសួងយុត្តិធម៌បានរាយការណ៍ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងឆបោកអនឡាញ៧៩សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួក៦៩៧នាក់។

administrator

Related Articles