ភ្នំពេញ៖ មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានបញ្ជាក់ពីការគាំទ្រយ៉ាងរឹងមាំចំពោះប្រទេសរុស្ស៊ី ដោយសន្យាថាទីក្រុងព្យុងយ៉ាងនឹង«តែតែគៀកស្មាជានិច្ច»ជាមួយមូស្គូ។ សេចក្តីថ្លែងការណ៍នេះកើតឡើងក្នុងពេលដែលទំនាក់ទំនងយោធារវាងប្រទេសទាំងពីរកំពុងកាន់តែជិតស្និទ្ធ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី២៥ ខែមីនា លោកគីមជុងអ៊ុនបានផ្ញើលិខិតមួយទៅកាន់ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀពូទីន ដោយសម្តែងទំនុកចិត្តថា ទំនាក់ទំនងដែលផ្អែកលើ«ទំនុកចិត្ត និងចំណងមិត្តភាពជិតស្និទ្ធ»នឹងធានាអនាគតសហប្រតិបត្តិការរយៈពេលវែង។ លោកបានសង្កត់ធ្ងន់ថា ការឈរជើងរបស់កូរ៉េខាងជើងនៅខាងរុស្ស៊ីគឺជា«ជម្រើស និងឆន្ទៈដ៏រឹងមាំ»របស់ទីក្រុងព្យុងយ៉ាង។
ការប្រកាសនេះកើតឡើងបន្ទាប់ពីលោកគីមជុងអ៊ុនត្រូវបានជ្រើសតាំងឡើងវិញជាប្រធានគណៈកម្មការកិច្ចការរដ្ឋ ដែលជាស្ថាប័នធ្វើគោលនយោបាយខ្ពស់បំផុតរបស់ប្រទេស សម្រាប់អាណត្តិទីបីជាប់ៗគ្នា។ ពីមុន លោកពូទីនក៏បានផ្ញើសារអបអរសាទរ និងសម្តែងក្តីសង្ឃឹមថាប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ។

ទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ីបានកាន់តែល្អប្រសើរឡើងចាប់តាំងពីរុស្ស៊ីចាប់ផ្តើមយុទ្ធនាការយោធានៅអ៊ុយក្រែនក្នុងឆ្នាំ២០២២។ យោងតាមប្រភពស៊ើបការណ៍ កូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ទៅកាន់រុស្ស៊ី និងផ្គត់ផ្គង់អាវុធផ្សេងៗ។ ជាថ្នូរ រុស្ស៊ីត្រូវបានគេជឿថាបានផ្តល់បច្ចេកវិទ្យាស្បៀងអាហារ និងអាវុធដល់កូរ៉េខាងជើង។
ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិទៅវិញទៅមកក្នុងខែមិថុនា ឆ្នាំ២០២៤ ដោយសន្យាថានឹងគាំទ្រយោធា«ភ្លាមៗ»ប្រសិនបើភាគីណាមួយត្រូវបានវាយប្រហារ។ ស្របនឹងការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី កូរ៉េខាងជើងក៏កំពុងពង្រីកទំនាក់ទំនងជាមួយដៃគូផ្សេងទៀតដូចជាវៀតណាម និងបេឡារុសផងដែរ។
