ភ្នំពេញ – លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់យោបល់យ៉ាងសំខាន់ដល់បញ្ញវន្តកម្ពុជា ក្នុងការវិភាគស្ថានភាពជាតិនិងអន្តរជាតិ។

លោកបានថ្លែងថា៖ “សម្រាប់បញ្ញវន្ត ការវិភាគទៅលើស្ថានភាពអ្វីមួយ គួរតែផ្តោតទៅលើចំណុចខ្លាំង និងចំណុចខ្សោយរបស់សត្រូវ។ យើងត្រូវវាយតម្លៃការគិតរបស់សត្រូវ ដើម្បីចូលរួមចំណែកជួយសង្គមជាតិ និងជ្រោមជ្រែងដល់រាជរដ្ឋាភិបាលក្នុងការដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រឲ្យកាន់តែប្រសើរឡើង។”
លោកបានបន្តថា ការធ្វើវិភាគឬវាយតម្លៃទៅលើចំណុចខ្លាំង-ខ្សោយរបស់ខ្លួនឯង គឺស្មើនឹង “ហែកពោះឲ្យក្អែកចឹក” ដែលមានន័យថាការផ្តល់យោបល់ឲ្យសត្រូវរៀបចំយុទ្ធសាស្ត្របំផ្លាញប្រទេសខ្លួនឯង។

“អ្នកដែលឆ្លាតគួរធ្វើវិភាគមុនព្រឹត្តិការណ៍ដែលនឹងកើតមានឡើង” លោកបានសង្កត់ធ្ងន់។
ការថ្លែងរបស់លោក កែវ រ៉េមី បានធ្វើឡើងក្នុងពេលដែលកម្ពុជាកំពុងប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងស្រួចស្រាវនៅលើឆាកអន្តរជាតិ ដោយតម្រូវឲ្យមានការវិភាគយុទ្ធសាស្ត្រដ៏ច្បាស់លាស់។

អ្នកវិភាគនយោបាយបានចាត់ទុកការណែនាំនេះជាចំណុចគន្លឹះសម្រាប់ការអភិវឌ្ឍន៍ជាតិ និងការពង្រឹងសន្តិសុខជាតិក្នុងសម័យបច្ចុប្បន្ន។
ដោយ៖ សិលា
