ភ្នំពេញ – មេដឹកនាំអឺរ៉ុបកំពុងព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពដែលសហរដ្ឋអាមេរិកអាចបោះបង់អ៊ុយក្រែន ប្រសិនបើប្រធានាធិបតីដូណាល់ ត្រាំផ្ដោតតែលើសង្រ្គាមនៅអ៊ីរ៉ង់។

យោងតាមព័ត៌មានពី POLITICO កាលពីថ្ងៃទី២៣ ខែមីនា អ្នកការទូតសហភាពអឺរ៉ុបចំនួន៤រូបបានបង្ហាញពីការព្រួយបារម្ភថា លោកត្រាំអាចសងសឹកប្រឆាំងនឹងសម្ព័ន្ធមិត្តអឺរ៉ុប ដែលបដិសេធចំពោះការអំពាវនាវរបស់លោកសម្រាប់ជំនួយនៅមជ្ឈិមបូព៌ា។
«ការភ័យខ្លាចដ៏ធំបំផុតរបស់យើងគឺពេលលោកត្រាំផ្ដោតតែលើសង្រ្គាមអ៊ីរ៉ង់ ហើយបោះបង់អ៊ុយក្រែនចោល» នេះជាបញ្ហាចម្បងមួយដែលអាមេរិកអាចកាត់ផ្ដាច់ជំនួយដែលនៅសល់ទៅទីក្រុងកៀវ។
ខណៈមេដឹកនាំអឺរ៉ុបតែងតែខិតខំជៀសវាងការបែកបាក់គ្នាជាអចិន្រ្តៃយ៍ក្នុងទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក ក៏មានការសង្ឃឹមថា ការផ្ដល់ការគាំទ្រមួយចំនួនសម្រាប់សកម្មភាពរបស់លោកត្រាំប្រឆាំងនឹងទីក្រុងតេហេរ៉ង់ គឺគ្រប់គ្រាន់ដើម្បីបញ្ចុះបញ្ចូលលោកឱ្យបន្តជំនួយក្នុងជម្លោះរុស្ស៊ីលើអ៊ុយក្រែន។

ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង បានលើកឡើងក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុននៅទីក្រុងព្រុចសែលថា៖ «សង្គ្រាមនៅអ៊ីរ៉ង់មិនត្រូវបង្វែរការយកចិត្តទុកដាក់របស់យើងពីការគាំទ្រដល់អ៊ុយក្រែននោះទេ»។
ជាក់ស្ដែងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោកត្រាំបានរិះគន់ចំពោះសម្ព័ន្ធមិត្តអឺរ៉ុបមិនជួយបើកច្រក Hormuz ឡើងវិញ។ លោកត្រាំបានរិះគន់សមាជិកណាតូនៅក្នុងបណ្ដាញសង្គម Truth Social Post កាលពីចុងសប្ដាហ៍ថា៖ «អង្គការណាតូគឺជាខ្លាក្រដាស! ពួកគេត្អូញត្អែរពីតម្លៃប្រេងឡើងខ្ពស់ ប៉ុន្ដែមិនចង់ជួយបើកច្រកសមុទ្រ Hormuz ទេ […] មនុស្សកំសាក! យើងនឹងចងចាំទុក»។
បើតាមព័ត៌មានស៊ើបអង្កេតមួយរបស់ POLITICO កាលពីថ្ងៃសុក្រ ទីក្រុងមូស្គូកំពុងផ្ដល់ឱ្យទីក្រុងវ៉ាស៊ីនតោននូវកិច្ចព្រមព្រៀងមួយ ដែលវិមានក្រឹមឡាំងនឹងឈប់ចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ពីអ៊ីរ៉ង់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនឈប់ផ្គល់ព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនពីរុស្ស៊ី។

ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានសម្ដែងអារម្មណ៍សោកស្ដាយ និងលើកឡើងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Daily Telegraph ថា៖ «ឥឡូវនេះមានស្នាមប្រេះមួយកំពុងលេចចេញរវាងអឺរ៉ុប និងសហរដ្ឋអាមេរិកជាថ្មីម្ដងទៀត ក្នុងនាមជាអ្នកគាំទ្រអាមេរិក និងអ្នកឆ្លងមហាសមុទ្រអាត្លង់ទិក ខ្ញុំសោកស្ដាយ។ ប៉ុន្ដែជាការពិតដែលខ្ញុំត្រូវតែប្រឈមមុខជាមួយរឿងនេះ។ ខ្ញុំច្បាស់ជាព្យាយាមជួយសង្គ្រោះតាមអ្វីដែលខ្ញុំអាចធ្វើបាន»។
ព័ត៌មានដកស្រង់ពី POLITICO និងប្រែសម្រួលដោយ ណឺ មិនា
