អ៊ីស្រាអែលបន្តវាយលីបង់ដាក់ខ្លាំង សម្លាប់ជនស៊ីវិលជិត 1,100 នាក់ ខណៈវិបត្តិមនុស្សធម៌ឈានដល់កម្រិតអាសន្ន

អ៊ីស្រាអែលបន្តវាយលីបង់ដាក់ខ្លាំង សម្លាប់ជនស៊ីវិលជិត 1,100 នាក់ ខណៈវិបត្តិមនុស្សធម៌ឈានដល់កម្រិតអាសន្ន

ទោះកំពុងជាប់ដៃប្រយុទ្ធនៅអ៊ីរ៉ង់ផងនិងហ្គាហ្សាផងក៏ដោយ ប៉ុន្តែអ៊ីស្រាអែលនៅតែបន្តវាយលុកខ្លាំងក្នុងប្រទេសលីបង់ ដោយបានសម្លាប់ពលរដ្ឋជាង 1,000 នាក់ហើយនៅក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។

សង្គ្រាមលីបង់

យោងតាមក្រុមឃ្លាំមើលមជ្ឈិមបូព៌ា ដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាលលីបង់កាលពីថ្ងៃអង្គារទី២៤ខែមីនាឆ្នាំ២០២៦ ចាប់តាំងពីការផ្ទុះសង្គ្រាមថ្មីនៅថ្ងៃទី២ខែមីនាមក អ៊ីស្រាអែលបានសម្លាប់ពលរដ្ឋចំនួន ១,០៧២នាក់ ខណៈ២,៩៦៦នាក់ទៀតរងរបួស។

កាលពីថ្ងៃចន្ទ តួលេខមនុស្សស្លាប់នៅត្រឹម ១,០៣៩នាក់ប៉ុណ្ណោះ ដែលនេះមានន័យថា មនុស្ស៣៣នាក់ទៀត បានបាត់បង់ជីវិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។

ក្រោយការវាយប្រហារ

ក្រៅពីជនរងគ្រោះហើយនោះ វិបត្តិមនុស្សធម៌នៅលីបង់ ក៏បានឈានដល់កម្រិតអាសន្នផងដែរ ដោយមនុស្សជាងមួយលាននាក់ កំពុងបាត់បង់ទីជម្រក និងភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

សូមជម្រាបថា ជម្លោះនៅលីបង់ គឺជាផ្នែកមួយនៃសង្គ្រាមក្នុងតំបន់ដែលមានទ្រង់ទ្រាយធំជាងមុន ពាក់ព័ន្ធនឹងការវាយលុកផ្នែកយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ ដែលបានចាប់ផ្តើមតាំងពីចុងខែកុម្ភៈ។

ថ្មីៗនេះ អ៊ីស្រាអែល បានបង្កើនការវាយប្រហារខ្លាំងមែនទែននៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ជាពិសេសនៅជ្រលង Beqaa និងជាយក្រុងភាគខាងត្បូង រដ្ឋធានីបេរូត។

មានរបាយការណ៍អំពីជនរងគ្រោះ នៅក្នុងទីប្រជុំជននានាដូចជា Bashamoun, Tayr Debba និងជំរំជនភៀសខ្លួន Mieh Mieh ហើយការខូចខាតយ៉ាងធ្ងន់ធ្ងរក៏ត្រូវបានរាយការណ៍លើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានអគារលំនៅដ្ឋាន និងស្ពាន Dalafa ដែលឆ្លងកាត់ទន្លេ Litani ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

administrator

Related Articles