ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ បានទទួលការជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ពីលោក កៅ ម៉ាញ់ឌឹក អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន និងសហការី។

ក្នុងឱកាសដ៏ស្និទ្ធស្នាលនេះ លោក កៅ ម៉ាញ់ឌឹក បានថ្លែងការកោតសរសើរខ្ពស់ចំពោះការដឹកនាំរបស់ឯកឧត្តម អគ្គមេបញ្ជាការ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម សម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនជាតិមាតុភូមិ។

លោកអគ្គនាយកក្រុមហ៊ុន បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល ជូនចំពោះ ឯកឧត្តម និងក្រុមគ្រួសារ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់វិស័យឯកជន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបានជូនពរដល់គណៈគ្រប់គ្រងក្រុមហ៊ុន សូមឱ្យទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច។

ការជួបជុំនេះបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងអភិបាលកិច្ច និងវិស័យឯកជន ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ដោយ៖ សិលា

