ទីក្រុងតេអេរ៉ង់៖ អ៊ីរ៉ង់បានទទួលផែនការសន្តិភាព១៥ចំណុចដែលស្នើឡើងដោយអាមេរិក តាមរយៈប្រទេសប៉ាគីស្ថាន ដើម្បីបញ្ចប់សង្គ្រាម។ ទោះជាយ៉ាងណា អ៊ីរ៉ង់ប្រកាសជាចំហថា គ្មានការចរចាណាមួយជាមួយវ៉ាស៊ីនតោនកើតឡើងទេ។

ផែនការ១៥ចំណុចនេះ រួមមានការលុបចោលទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ ការសហការគ្នាក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល និងការធានាបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ មន្ត្រីអេហ្ស៊ីបបានចាត់ទុកផែនការនេះមានលក្ខណៈលម្អិត និងស៊ីជម្រៅល្អ។

យោធាអ៊ីរ៉ង់បានបង្ហាញជំហរដាច់ខាតថា នឹងមិនទទួលយកលក្ខខណ្ឌរបស់អាមេរិកជាដាច់ខាត និងត្រូវតែបន្តសង្គ្រាម។ អ្នកនាំពាក្យយោធាអ៊ីរ៉ង់បាននិយាយសើចចំអកថា៖ “បើអ្នកបរាជ័យហើយ សូមកុំចាត់ទុកថានោះជាកិច្ចព្រមព្រៀងឱ្យសោះ”។

ដំណឹងនេះធ្វើឱ្យអ៊ីស្រាអែលភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយប្រទេសនេះចង់បន្តវាយប្រហារគ្នា និងដាក់សម្ពាធលើអ៊ីរ៉ង់។ ឥឡូវនេះ សំណួរសំខាន់នៅត្រង់ថា តើសំណើទាំងនេះអាចបញ្ចប់ការវាយប្រហារគ្នាដែលនៅតែបន្តដូចសព្វថ្ងៃនេះដែរឬទេ។

វិមានក្រឹមឡាំងបានអះអាងថា មិនទាន់ទទួលដំណឹងតាមរយៈអ៊ីរ៉ង់ថាអាមេរិកមានផែនការ១៥ចំណុចនោះទេ ហើយមិនទាន់អាចវាយតម្លៃអំពីដំណឹងនេះថាគួរឱ្យជឿទុកចិត្តនោះឡើយ។ ប្រភព៖ អេភី (AP) និងប្រភពដទៃទៀត
