ហាណូយ – ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកំពុងត្រៀមខ្លួនកាត់បន្ថយជើងហោះហើរក្នុងស្រុកជាង ២០ ជើងក្នុងមួយសប្តាហ៍ ចាប់ពីខែមេសាខាងមុខនេះ ដោយសារបញ្ហាខ្វះប្រេងយន្តហោះដែលបណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines នឹងផ្អាកប្រតិបត្តិការផ្លូវហោះហើរក្នុងស្រុកចំនួន ៧ ផ្លូវ និងកាត់ជើងហោះហើរចំនួន ២៣ ជើងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ការកាត់បន្ថយនេះគឺដើម្បីសន្សំសំចៃប្រេងឥន្ធនៈយន្តហោះដែលកំពុងខ្វះខាត។
ក្រុមហ៊ុន Vietnam Airlines ដែលគ្រប់គ្រងដោយរដ្ឋ នឹងផ្តល់អាទិភាពដល់ផ្លូវហោះហើរសំខាន់ៗសម្រាប់ការតភ្ជាប់ជាតិ ពាណិជ្ជកម្ម ទេសចរណ៍ ការទូត និងការធ្វើដំណើរក្នុងស្រុក។

ក្រៅពី Vietnam Airlines ក្រុមហ៊ុនអាកាសចរណ៍ VietJet Aviation JSC ក៏កំពុងពិចារណាកាត់បន្ថយជើងហោះហើរក្នុងស្រុកមួយចំនួនផងដែរ។ នេះបើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មាន Bloomberg។
ចំណែកក្រុមហ៊ុន Bamboo Airways បានប្រកាសថា នឹងខិតខំរក្សាជើងហោះហើរក្នុងអំឡុងពេលធ្វើដំណើរកំពូល ទោះបីជាប្រេកង់ជើងហោះហើរអាចទាបជាងឆ្នាំមុនក៏ដោយ។ ក្រុមហ៊ុនបានអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់ការគាំទ្របន្ថែមដល់វិស័យអាកាសចរណ៍។
គួររំលឹកថា កាលពីពាក់កណ្តាលខែមីនា CAAV បានព្រមានឱ្យក្រុមហ៊ុនអាកាសចរណ៍ត្រៀមខ្លួនកាត់បន្ថយជើងហោះហើរ បន្ទាប់ពីចិន និងថៃបានបញ្ឈប់ការនាំចេញប្រេងឥន្ធនៈយន្តហោះដោយសារសង្គ្រាមនៅអ៊ីរ៉ង់។

វៀតណាមមានរោងចក្រចម្រាញ់ប្រេងក្នុងស្រុកចំនួន២ ដែលផ្គត់ផ្គង់ប្រហែល ៧០% នៃតម្រូវការក្នុងស្រុក ប៉ុន្តែប្រទេសនេះនាំចូលប្រេងឆៅជាង ៨០% ពីមជ្ឈិមបូព៌ា។ លើសពីនេះ ប្រហែល ៧០% នៃប្រេងយន្តហោះត្រូវបាននាំចូល ដែលភាគច្រើនមកពីចិន និងថៃ។
ក្រៅពីការកាត់បន្ថយជើងហោះហើរ CAAV បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកំពុងរៀបចំអនុវត្តការគិតថ្លៃសំបុត្រយន្តហោះបន្ថែមសម្រាប់ផ្លូវហោះហើរអន្តរជាតិ ចាប់ពីដើមខែមេសាផងដែរ។
