
ភ្នំពេញ៖ លោក គង់ បុរាណ កូនប្រុសរបស់ព្រឹទ្ធាចារ្យ គង់ ណៃ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លា បន្ទាប់ពីឃើញវីដេអូមួយដែលមានតួអង្គថៃតែងខ្លួនជាព្រឹទ្ធាចារ្យ គង់ ណៃ ហើយសម្តែងបែបប្រមាថមើលងាយ។

ក្នុងវីដេអូដែលផ្សព្វផ្សាយតាមបណ្តាញសង្គម តួអង្គម្នាក់បានតុបតែងខ្លួនធ្វើដូចជាព្រឹទ្ធាចារ្យ គង់ ណៃ ដោយកាន់ចាប៉ីដងវែង ហើយតួអង្គម្នាក់ទៀតបានដើរទៅវាយក្បាលលើតួអង្គនោះ។ សកម្មភាពនេះបានធ្វើឲ្យមហាជនខ្មែរសម្តែងការខឹងសម្បារយ៉ាងខ្លាំង។

លោក គង់ បុរាណ បានប្រាប់កោះសន្តិភាពថា៖ “ខ្ញុំពិតជាមានអារម្មណ៍ឈឺចាប់ខ្លាំង ព្រោះឪពុកខ្ញុំជាព្រឹទ្ធាចារ្យចាប៉ីដងវែងដែលមានកេរ្តិ៍ឈ្មោះទាំងក្នុង និងក្រៅប្រទេស។ ឪពុកខ្ញុំជាអ្នកពិការភ្នែក ហើយជាមនុស្សដែលមានតម្លៃដែលមានការគោរពស្រឡាញ់ពីប្រជាជនខ្មែរទាំងមូល។”

លោកបន្ថែមថា៖ “អ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុត គឺពេលនេះឪពុកខ្ញុំបានលាចាកលោកទៅហើយ ហេតុអីក៏ពួកអាចង្រៃទាំងអស់នេះយករូបភាពមកប្រមាថដូច្នេះទៅវិញ។”

លោក គង់ បុរាណ បានសន្យាថានឹងបន្តធ្វើពហិកាមិនប្រើប្រាស់របស់របរផ្សេងៗពីប្រទេសថៃ ហើយសូមសំណូមពរទៅដល់ទស្សនិកជនខ្មែរទាំងអស់ជួយលើកតម្លៃសិល្បករខ្មែរ ជាពិសេសវិរសិល្បករ។

ការសម្តែងបែបប្រមាថមើលងាយនេះបានធ្វើឲ្យមហាជនខ្មែរជាច្រើនសម្តែងការខឹងសម្បារ និងថ្កោលទោសចំពោះទង្វើអសីលធម៌ពីសំណាក់អ្នកសម្តែងជាតិថៃ។

លោកក៏បានស្នើឲ្យជនជាតិថៃដទៃទៀតកុំឲ្យកើតមាននូវរូបភាពដូចគ្នានេះទៀត ត្រូវមានការយល់ដឹង និងភ្ញាក់រលឹកឡើង ព្រោះឪពុកលោកគឺជាមនុស្សដែលមានតម្លៃដែលមានការគោរពស្រឡាញ់ពីប្រជាជនខ្មែរទាំងមូល។

ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងល្បីល្បាញរបស់កម្ពុជា ដែលទទួលស្គាល់ទូទាំងពិភពលោក ហើយបានទទួលមរណភាពកាលពីមុន។ ការប្រមាថមើលងាយចំពោះរូបភាពរបស់លោកត្រូវបានចាត់ទុកថាជាទង្វើអសីលធម៌ និងមិនអាចទទួលយកបានពីសំណាក់សង្គមខ្មែរ។

អត្ថបទសរសេរដោយ៖ សុខ វាសនា
កែសម្រួលដោយ៖ ស្រីណា
