ខេត្តស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ពីមូលហេតុដែលហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងផ្លូវសាធារណៈ មកដល់តាមក្រោយក្នុងតំបន់ដែលរីកចម្រើនហើយ ដោយសារតែការអនុវត្តសេដ្ឋកិច្ចទីផ្សារ។

ការពន្យល់នេះធ្វើឡើងក្នុងឱកាសដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ៣០លានដុល្លារ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «មានបងប្អូនខ្លះសួរថា ចុះម្ដេចបានជាប្រព័ន្ធទឹកស្អាត និងប្រព័ន្ធផ្លូវសាធារណៈ កន្លែងខ្លះយឺតម្ល៉េះ និងកន្លែងខ្លះ រីកចម្រើនទៅហើយ បានមានជាបន្ដបន្ទាប់ ព្រោះវាទាក់ទងនឹងប្រព័ន្ធសេដ្ឋកិច្ច ប្រព័ន្ធទីផ្សារ និងប្រព័ន្ធសេរីភាព»។

សម្ដេចធិបតី ថ្លែងបញ្ជាក់ថា បើសិនជាធ្វើសេដ្ឋកិច្ចផែនការ ចង់ពង្រីកភូមិនៅកន្លែងណា ដាក់ផែនការ ហើយរៀបចំហេដ្ឋារចនាសម្ព័ន្ធ បានធ្វើទៅរួច ប៉ុន្ដែកន្លងទៅ គឺអនុវត្ដសេដ្ឋកិច្ចទីផ្សារ ជាពិសេសទីផ្សារដីធ្លី ដែលកើនលឿន។ កន្លែងខ្លះ បង្កើតបុរី និងបង្កើតកន្លែងផ្សេងៗ លឿនជាងប្រព័ន្ធផែនការ ការអនុវត្ដហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល។
ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ផងដែរថា ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រឹកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានសមត្ថភាពផលិតទឹកស្អាត សរុបប្រមាណ១.៥លានម៉ែត្រគូបក្នុងមួយថ្ងៃ និងបណ្តាញបំពង់ចែកចាយទឹក ប្រវែងប្រមាណ៤០,៥០០គីឡូម៉ែត្រ ដែលអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រមាណ៨,០០០ភូមិ នៃរាជធានី-ខេត្តទាំង២៥។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រច្បាស់លាស់ សម្រាប់អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយផ្តោតលើការលើកកម្ពស់សេដ្ឋកិច្ចបៃតង ការពង្រឹងអភិបាលកិច្ចបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ អាចឆ្លើយតបទៅនឹងសេចក្តីត្រូវការ ទាំងពេលបច្ចុប្បន្ន និងអនាគត។

រាជរដ្ឋាភិបាល នឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគន្លឹះ រួមទាំងការផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងប្រព័ន្ធគ្រប់គ្រងសំណល់ នៅទូទាំងប្រទេសកម្ពុជា ស្របតាមទិសស្លោក «ទីណាមានទឹកស្អាត ទីនោះនឹងមានការផ្លាស់ប្តូរជាសេដ្ឋកិច្ច» ព្រមទាំងបន្តលើកកម្ពស់ អភិបាលកិច្ច ការថែទាំ និងការប្រើប្រាស់ ក្នុងវិស័យទឹកស្អាត។
ដោយ៖ តារា
