ខេត្តមណ្ឌលគិរី៖ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ជនជាតិវៀតណាមចំនួន ២នាក់ជាផ្លូវការ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងសកម្មភាពបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់។

ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានចោទប្រកាន់មានឈ្មោះ៖ ង្វៀង យ៉ាំងឌឹក (Nguyen Yang Doek) អាយុ ៦៤ឆ្នាំ និងជនសង្ស័យម្នាក់ទៀតដែលគេចខ្លួនបាត់។ ពួកគេត្រូវបានចោទប្រកាន់ពីបទ«បើកកន្លែងលេងល្បែងស៊ីសង (ជល់មាន់)»។

ការចោទប្រកាន់នេះបន្ទាប់ពីកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា បានចុះប្រតិបត្តិការបង្ក្រាបសង្វៀនជល់មាន់ខុសច្បាប់មួយកន្លែង នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ កាលពីថ្ងៃទី២២ មីនា។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ១២នាក់ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ៨គ្រឿង ម៉ូតូកង់បី ១គ្រឿង អង្រុត ៤ កន្ត្រក ១ និងមាន់ជល់ងាប់ ១២ក្បាល។
អ្នកលេង ១១នាក់ត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ រួចត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់ទីតាំងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី។
