ហ្វីលីពីនកំពុងចរចាយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលបានការលើកលែងពីទណ្ឌកម្ម សម្រាប់ការទិញប្រេងឥន្ធនៈពីប្រទេសដែលជាប់ទណ្ឌកម្មរបស់អាមេរិក។ ដំណើរការនេះកើតឡើងនៅពេលដែលហានិភ័យនៃវិបត្តិថាមពលក្នុងស្រុកកំពុងកើនឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា។

លោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖ «យើងកំពុងធ្វើការជាមួយក្រសួងការបរទេសអាមេរិក ដើម្បីទទួលបានការលើកលែងសម្រាប់ការទិញប្រេងពីប្រទេសរងទទួលទណ្ឌកម្មរបស់សហរដ្ឋអាមេរិក»។
ការចរចានេះធ្វើឡើងក្រោយពីហ្វីលីពីនបានប្រកាសអាសន្នថាមពលជាតិកាលពីថ្ងៃអង្គារ (២៤ មីនា) ដើម្បីដោះស្រាយផលវិបាកពីសង្គ្រាមមជ្ឈិមបូព៌ា រួមទាំងការខាន និងកង្វះផ្នែកផ្គត់ផ្គង់។

នៅពេលសួរថាតើប្រេងរបស់វេណេស៊ុយអេឡា និងអ៊ីរ៉ង់ជាផ្នែកមួយនៃការពិភាក្សាដែរឬទេ លោក Romualdez បាននិយាយថា ហ្វីលីពីនកំពុងពិចារណាគ្រប់ជម្រើសទាំងអស់។ «ជម្រើសទាំងអស់កំពុងត្រូវបានពិចារណា»។
គិតត្រឹមថ្ងៃទី២០ ខែមីនា រដ្ឋាភិបាលបាននិយាយថា ហ្វីលីពីនមានប្រេងឥន្ធនៈអាចផ្គត់ផ្គង់ប្រហែល៤៥ថ្ងៃ ហើយកំពុងរកទិញប្រេងបន្ថែមចំនួន១លានបារ៉ែលទៀត ដើម្បីបង្កើនស្តុកប្រេងបម្រុងរបស់ខ្លួន។

ហ្វីលីពីននាំចូលប្រេងឆៅស្ទើរតែទាំងអស់របស់ខ្លួនពីមជ្ឈិមបូព៌ា ដោយមានអារ៉ាប៊ីសាអូឌីតជាអ្នកផ្គត់ផ្គង់ធំជាងគេ ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះដោយសារការហក់ឡើងភ្លាមៗនៃតម្លៃប្រេង និងការរំខានផ្នែកផ្គត់ផ្គង់។
កន្លងមក សហរដ្ឋអាមេរិកបានប្រកាសដកទណ្ឌកម្មជាបណ្ដោះអាសន្នលើប្រេងរុស្ស៊ីដែលរងទណ្ឌកម្ម ហើយជាប់គាំងលើសមុទ្រជាង១២០លានបារ៉ែល ដើម្បីឱ្យប្រទេសផ្សេងៗអាចទិញ ឬនាំចូល ក្នុងបំណងធ្វើឱ្យការផ្គត់ផ្គង់សកលមានស្ថិរភាព។
