ភ្នំពេញ៖ ការបញ្ជាផ្អាកការចាប់ផាកពិន័យចរាចរណ៍របស់ឧបនាយករដ្ឋមន្ត្រី ស សុខា ហាក់ដូចជាមិនទាន់ឈានដល់ក្រុមមន្ត្រីនគរបាលចរាចរណ៍នៅតាមគោល ដែលនៅតែបន្តសកម្មភាពចាប់ផាកពិន័យដដែល។

នៅថ្ងៃទី២៦ មីនា ២០២៦ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា លោកបានឲ្យផ្អាកការចាប់ផាកពិន័យរឿងរឹតបន្តឹងចរាចរណ៍ទាំងផ្លូវលំ និងផ្លូវជាតិ តែការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹងនៅបន្តអនុវត្ត។
លោកបានថ្លែងប្រាប់សារព័ត៌មានថា៖ «យើងបានផ្អាកអស់ហើយ យើងធ្វើតែត្រួតពិនិត្យគ្រឿងស្រវឹង និងអាវុធជាតិផ្ទុះ ការផាកពិន័យទាំងផ្លូវលំ និងផ្លូវជាតិ គឺឲ្យផ្អាកទាំងអស់»។

ទោះបីជាមានការណែនាំយ៉ាងច្បាស់លាស់ពីប្រមុខក្រសួងមហាផ្ទៃក៏ដោយ ក៏ប្រជាពលរដ្ឋនៅតែបានថតបង្ហោះរូបភាពពីសកម្មភាពរបស់ក្រុមមន្ត្រីនគរបាលចរាចរណ៍ ដែលនៅតែបន្តចាប់ផាកពិន័យចរាចរណ៍ដដែល។ សំណួរដ៏សំខាន់ដែលកំពុងលេចឡើងគឺ តើការណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឈានដល់ក្រុមមន្ត្រីនគរបាលចរាចរណ៍នៅតាមគោលដែរឬទេ?
ការមិនស្របគ្នានេះបានបង្កើតជាចំណុចអវិជ្ជមានមួយ ដែលកំពុងទទួលការរិៈគន់យ៉ាងខ្លាំងពីសាធារណជន។ ការខ្វះការបញ្ជូនសារពីកំពូលទៅកាន់មូលដ្ឋាននេះ បង្ហាញពីបញ្ហានៃការគ្រប់គ្រងនិងការទំនាក់ទំនងក្នុងប្រព័ន្ធរដ្ឋបាល។
ដោយ៖ សិលា
