ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលសំណើរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ដែលចង់ឲ្យលោកអំពាវនាវដល់ប្រជាជនអ៊ីរ៉ង់ឲ្យចេញមកធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។

យោងតាមការចុះផ្សាយរបស់ Independent កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទសប្តាហ៍មុន លោកណេតាន់យ៉ាហ៊ូ បានលើកឡើងថា ពេលនេះរបបដឹកនាំអ៊ីរ៉ង់កំពុងស្ថិតក្នុងភាពច្របូកច្របល់ ដែលជា «ឱកាសមាស» ក្នុងការធ្វើឲ្យរដ្ឋាភិបាលនេះដួលរលំ។
ប៉ុន្តែលោកត្រាំ បានទាត់ចោលគំនិតនេះភ្លាមៗ ដោយបារម្ភថា ការធ្វើបែបនេះនឹងនាំទៅរកការកាប់សម្លាប់រង្គាល។ យោងតាមប្រភពពី Axios លោកត្រាំ បានប្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា «តើយើងទៅប្រាប់ឲ្យប្រជាជនចេញមកលើផ្លូវធ្វើអី បើដឹងថាពួកគេនឹងត្រូវគេបាញ់សម្លាប់ចោលបែបហ្នឹង?»
កាលពីខែមករា លោកត្រាំ ធ្លាប់បានលើកទឹកចិត្តដល់អ្នកតវ៉ាអ៊ីរ៉ង់ និងធ្លាប់និយាយពីរឿងផ្លាស់ប្តូររបបដឹកនាំនៅពេលធ្វើសង្គ្រាមដំបូងៗ ប៉ុន្តែពេលនេះគោលជំហររបស់លោកហាក់បានផ្លាស់ប្តូរ។
ខណៈដែលលោកណេតាន់យ៉ាហ៊ូ ចាត់ទុកការងើបបះបោររបស់ប្រជាជនជាឱកាសល្អ ខាងចារកម្មអាមេរិកបែរជាយល់ថា របបដឹកនាំអ៊ីរ៉ង់នៅតែមានលទ្ធភាពរក្សាអំណាចដដែល ដ្បិតមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់កាលពីថ្ងៃទី២៨ កុម្ភៈ។
សូមជម្រាបថា ថ្មីៗនេះ ដោយសាររងសម្ពាធក្នុងស្រុករឿងតម្លៃប្រេងហក់ឡើងខ្ពស់ លោកត្រាំ បានដាក់ចេញនូវផែនការ១៥ចំណុចដើម្បីបញ្ចប់សង្គ្រាម ប៉ុន្តែខាងទីក្រុងតេហេរ៉ង់នៅតែបន្តបដិសេធ និងមិនព្រមចរចាដោយផ្ទាល់ជាដាច់ខាត។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា ទោះបីជាមានការផ្ញើសារឆ្លងឆ្លើយគ្នាតាមរយៈអ្នកសម្របសម្រួលក៏ដោយ ក៏មិនទាន់មានការចរចាផ្លូវការណាមួយជាមួយអាមេរិកនៅឡើយទេ។
