ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលពាក់ព័ន្ធនឹងការលួចសម្ភារៈពីអគារក្រុមហ៊ុនកាស៊ីណូវ័ងឈឹង ក្នុងពេលព្រឹកភ្លឺ។

ប៉ូលីសបានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់មានឈ្មោះ ឃុត ចន្នី (២៨ឆ្នាំ) ព្រិន សុភា (៣២ឆ្នាំ) អូន សំអាន (២៩ឆ្នាំ) និង សឺ ដុង (២២ឆ្នាំ)។ ពួកគេមកពីខេត្តផ្សេងៗគ្នា រួមមានស្វាយរៀង សៀមរាប កណ្ដាល និងព្រៃវែង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៤:២៥នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ នៅភូមិតាបឹប សង្កាត់បាវិត។ ប៉ូលីសបានទទួលព័ត៌មានពីប្រជាពលរដ្ឋអំពីក្រុមបុរសមួយក្រុមកំពុងចូលលួចសម្ភារៈពីអគារកាស៊ីណូដែលគ្មានមនុស្សស្នាក់នៅ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ និងចាប់ខ្លួនជនសង្ស័យទាំង៤នាក់ភ្លាមៗ។ ពួកគេបានរកឃើញសម្ភារៈដែលលួចបានរួមមាន៖ ម៉ាស៊ីនបឺតខ្លិន១គ្រឿង កន្ត្រៃកាត់ដែក១ដើម ខ្សែភ្លើងច្រើន ឌីសុងទ័រភ្លើង៦គ្រាប់ ប្រអប់កុំម៉ាសឺទូរទឹកកក២ដុំ ដែកសសៃ១កង ដង្កាប់១ស្បោង និងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងទាំងអស់ត្រូវបានសាងសំណុំរឿងផ្ញើទៅការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់។
ដោយ៖ សុថាន
