បង្ក្រាបវង់ជល់មាន់កំបាំងកណ្តាលព្រៃ ឃាត់ខ្លួន៣នាក់ រឹបអូសម៉ូតូ៥គ្រឿង

បង្ក្រាបវង់ជល់មាន់កំបាំងកណ្តាលព្រៃ ឃាត់ខ្លួន៣នាក់ រឹបអូសម៉ូតូ៥គ្រឿង

ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកោះធំបានបង្ក្រាបវង់ជល់មាន់ខុសច្បាប់មួយកន្លែងដែលលាក់ខ្លួនយ៉ាងកំបាំងនៅក្នុងព្រៃ ដោយឃាត់ខ្លួនអ្នកលេងបាន៣នាក់ និងដកហូតម៉ូតូ៥គ្រឿង ព្រមទាំងមាន់ជល់២ក្បាល។

វត្ថុតាងពីកន្លែងជល់មាន់

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២១០នាទីថ្ងៃត្រង់ ថ្ងៃទី២៥មីនា២០២៦ នៅដីព្រៃខាងក្រោយភូមិក្បាលកោះធំ ឃុំកោះធំ(ក) ស្រុកកោះធំ។ អ្នកលេងល្បែងទាំង៣នាក់ដែលត្រូវឃាត់ខ្លួនមាន៖ ហុង ធិន (៤៤ឆ្នាំ) ខ្លង ចំរើន (៣៥ឆ្នាំ) និងភិរុណ ពន្លឺ (១៦ឆ្នាំ)។ អ្នកទាំងបីមានមុខរបរជាកសិករ រស់នៅភូមិក្បាលកោះធំ។

ម៉ូតូដែលត្រូវបានដកហូត

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ៥គ្រឿង ទូរស័ព្ទដៃ៣គ្រឿង មាន់ជល់២ក្បាល ជញ្ជីងថ្លឹងមាន់១គ្រឿង ប្រាក់៥០០០០រៀល និងសម្ភារៈសម្រាប់តខ្នាយមាន់មួយចំនួន។

សម្ភារៈជល់មាន់

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា មុនពេលឈានដល់ការបង្ក្រាប មានប្រជាពលរដ្ឋល្អបានរាយការណ៍មកកាន់សមត្ថកិច្ចអំពីក្រុមអ្នកញៀនល្បែងលួចបើកវង់ជល់មាន់នៅដីព្រៃ។ ពេលសមត្ថកិច្ចចុះទៅដល់ អ្នកលេងជាច្រើននាក់បានរត់គេចខ្លួនចូលព្រៃ ដោយសមត្ថកិច្ចក្របួចបានតែ៣នាក់។

កន្លែងជល់មាន់ក្នុងព្រៃ

នៅចំពោះមុខសមត្ថកិច្ច អ្នកទាំង៣នាក់បានសារភាពថា ពួកគេពិតជាបាននាំគ្នាមកចូលរួមលេងល្បែងជល់មាន់នៅទីតាំងនេះ។ បច្ចុប្បន្ន មនុស្សទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

ដោយ៖ សូរិយា

administrator

Related Articles