រាជធានីភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន១៧នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្នុងតំបន់សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ការឃាត់ខ្លួននេះកើតឡើងបន្ទាប់ពីកម្លាំងជំនាញបានចុះត្រួតពិនិត្យ៤ទីតាំង សរុប២២ខ្នងផ្ទះ ដែលមានជនបរទេសស្នាក់នៅ៥៧នាក់ (ស្ត្រី១៤នាក់) ពី៦សញ្ជាតិផ្សេងៗ។
ក្នុងចំណោមទីតាំងទាំងអស់ សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែងមួយកន្លែងនៅផ្ទះលេខ១១៣-១១៥ ផ្លូវ C០១ ក្នុងភូមិក្តីតាកុយ។ ក្រុមជនសង្ស័យចំនួន១៧នាក់នេះ រួមមានជនជាតិចិន១៦នាក់ (១៣នាក់គ្មានលិខិតឆ្លងដែន) និងជនជាតិវៀតណាម១នាក់។
សមត្ថកិច្ចបានដកហូតសម្ភារបម្រើសកម្មភាពឆបោក រួមមានទូរសព្ទដៃ២៧គ្រឿង កុំព្យូទ័រ Laptop ០២គ្រឿង ឧបករណ៍បញ្ជា (CPU) ០១គ្រឿង និង Monitor ០១គ្រឿង។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ ក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឱ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅខុសច្បាប់។ បច្ចុប្បន្ន អាជ្ញាធរបានបិទឃ្លុមទីតាំងនោះជាបណ្តោះអាសន្ន ហើយជនសង្ស័យទាំង១៧នាក់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ។
តាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា យុទ្ធនាការបោសសម្អាត Online Scams ត្រឹមសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ បានបង្ក្រាបនិងបិទខ្ទប់ទីតាំងសរុបចំនួន២៣៦កន្លែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។
