ភ្នំពេញ៖ នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានជាបន្ទាន់ថា សន្ទស្សន៍កម្តៅនៅទីក្រុងបាងកកបានឈានដល់កម្រិតគ្រោះថ្នាក់ ដោយសីតុណ្ហភាពមានចន្លោះពី ៤២ ទៅ ៥១.៩ អង្សាសេ។

សន្ទស្សន៍កម្ដៅ (Heat Index) គឺជាសីតុណ្ហភាពដែលរាងកាយមនុស្សមានអារម្មណ៍ថាក្ដៅជាក់ស្ដែង នៅពេលគេយកកម្ដៅអាកាសមកគណនាបញ្ជូលគ្នាជាមួយសំណើមទាក់ទង។ និយាយឲ្យងាយយល់ វាគឺជាកម្រិតកម្ដៅដែលយើងមានអារម្មណ៍ថាក្ដៅជាងសីតុណ្ហភាពដែលឃើញនៅលើទែម៉ូម៉ែត្រ។
តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃព្រហស្បតិ៍ទី២៦ខែមីនាឆ្នាំ២០២៦ ដែលដកស្រង់ប្រភពពីនាយកដ្ឋានឧតុនិយម ប៉ុន្មានថ្ងៃខាងមុខសីតុណ្ហភាពនឹងលោតដល់៣៤ទៅ៣៩°C។
រដ្ឋាភិបាលថៃបានចេញការព្រមានឲ្យពលរដ្ឋប្រយ័ត្នជាពិសេសក្រុមមានហានិភ័យដូចជា៖ កុមារតូចៗដែលមានអាយុរហូតដល់៥ឆ្នាំ, មនុស្សចាស់អាយុ៦០ឆ្នាំឡើង, ស្ត្រីមានផ្ទៃពោះ, អ្នកមានជំងឺរ៉ាំរ៉ៃ, មនុស្សធាត់ខ្លាំង, អ្នកទទួលទានគ្រឿងស្រវឹង, អ្នកធ្វើការនៅទីវាល, អ្នកហាត់ប្រាណនៅទីវាល និងភ្ញៀវទេសចរ។
យោងតាមនាយកដ្ឋានឧតុនិយម រលកកម្តៅនឹងវាយប្រហារប្រទេសថៃរហូតដល់ថ្ងៃទី៣០ខែមីនា ខណៈតំបន់ប៉ែកខាងជើងនិងកណ្តាលនឹងរងគ្រោះខ្លាំងជាងគេ។
ក្រៅពីកម្តៅ ក៏អាចមានបាតុភូតផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅតាមតំបន់មួយចំនួននៃភាគខាងជើង ភាគខាងកើត និងកណ្តាលផងដែរ ដោយសារប្រព័ន្ធសម្ពាធទាប។

អត្ថបទ៖ សុខ សុវណ្ណ
