
អ៉ីរ៉ង់បានបដិសេធផែនការសន្តិភាព១៥ចំណុចរបស់លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងបន្តធ្វើការវាយប្រហារថ្មីៗលើអ៉ីស្រាអែល និងបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រពែរ្ស។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ PRESS TV បានដកស្រង់សម្ដីរបស់អ្នកទទួលខុសត្រូវអ៉ីរ៉ង់ម្នាក់មិនបញ្ចេញឈ្មោះដែលថ្លែងថា ក្រុងតេហេរ៉ង់បានបដិសេធសំណើ១៥ចំណុចរបស់លោកត្រាំ។ អ៉ីរ៉ង់ឆ្លើយតបជាអវិជ្ជមានសំណើអាមេរិកសំដៅបញ្ចប់សង្គ្រាម។
អ្នកទទួលខុសត្រូវជាន់ខ្ពស់អ៉ីរ៉ង់រូបនោះបន្តថា ការបញ្ចប់សង្គ្រាមនឹងកើតមានពេលដែលអ៉ីរ៉ង់សម្រេច មិនមែនបញ្ចប់ដោយប្រធានាធិបតីអាមេរិកគ្រាន់តែថា គ្រោងចុះហត្ថលេខាឡើយ។

មុននេះ អ្នកទទួលខុសត្រូវប៉ាគីស្ថាន២រូបបានលើកឡើងថា សំណើរបស់លោកត្រាំនោះមានលក្ខណៈទូទៅដោយអះអាងថា សំណើនោះផ្ដោតតែលើការសម្រាលទណ្ឌកម្មការ ការដកថយនៃកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ ការកម្រិតចម្ងាយរបស់បណ្ដាមីស៊ីល និងការបើកច្រកសមុទ្រហ័រមូសប៉ុណ្ណោះ។
PRESS TVបានលើកផែនការ៥ចំណុចរបស់អ្នកទទួលខុសត្រូវអ៉ីរ៉ង់ដែលបដិសេធសំណើអាមេរិក។ ផែនការ៥ចំណុចនោះមានការឈប់តាមសម្លាប់បណ្ដាមេដឹកនាំអ៉ីរ៉ង់ ចាត់វិធានការនានាដើម្បីធានាថាគ្មានសង្គ្រាមជាថ្មីទៀតប្រឆាំងអ៉ីរ៉ង់ ចេញសងការបំផ្លាញនៃសង្គ្រាម បញ្ចប់ការប្រទូស្តរ៉ាយ ហើយទុកឲ្យអ៉ីរ៉ង់គ្រប់គ្រងអធិបតេយ្យភាពរបស់ខ្លួនលើច្រកសមុទ្រហ័រមូស។
ក្រុងតេហេរ៉ង់ថ្លែងថា ខ្លួននៅតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាមួយសហរដ្ឋអាមេរិកព្រោះបានធ្វើសង្គ្រាមប្រឆាំងខ្លួន២លើកមកហើយក្រោមរដ្ឋការលោកត្រាំ។
លោកត្រាំគំរាមប្រែក្លាយទៅជាឋាននរកបើអ៉ីរ៉ង់គិតខុសសេតវិមានគំរាមកាលពីថ្ងៃទី២៥ មីនា ថា នឹងប្រែក្លាយជាឋាននរក បើអ៉ីរ៉ង់គិតខុសក្នុងសង្គ្រាមជាមួយអាមេរិក និងអ៉ីស្រាអែល។
