រាជធានីភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានបដិសេធយ៉ាងខ្លាំងក្លាចំពោះសំណើលុប MOU ឆ្នាំ២០០០ ដែលត្រូវបានគណៈកម្មាធិការព្រឹទ្ធសភាថៃលើកឡើង ដោយចោទថាជាសកម្មភាពបំផ្លាញសន្តិភាពព្រំដែន និងរំលោភច្បាប់អន្តរជាតិ។

យោងតាមសេចក្តីប្រកាសបដិសេធព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សារព័ត៌មានក្នុងស្រុកថៃបានផ្សព្វផ្សាយព័ត៌មានអំពីហេតុផល និងអនុសាសន៍ស្នើលុប MOU ៤៣ (MOU ឆ្នាំ២០០០)។

អ្នកនាំពាក្យបានបដិសេធនិងច្រានចោលទាំងស្រុងចំពោះសំណើនេះ ដោយចោទថាធ្វើឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងផ្ទុយច្បាប់អន្តរជាតិ ក្នុងចេតនាកេងចំណេញនយោបាយ។ MOU ឆ្នាំ២០០០ ត្រូវបានចុះហត្ថលេខាដោយរាជរដ្ឋាភិបាលទាំងពីរ និងបានចូលជាធរមាននៅថ្ងៃចុះហត្ថលេខា ព្រមទាំងបានយកទៅចុះបញ្ជីនិងតម្កល់នៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។

តាមគោលការណ៍ច្បាប់អន្តរជាតិ ភាគីថៃមិនអាចលើកយកហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុងដើម្បីលុប MOU ឆ្នាំ២០០០ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនដែលខ្លួនជាភាគីបានឡើយ។ MOU នេះបានផ្តល់សមត្ថកិច្ចពេញលេញដល់គណៈកម្មការ JBC ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
អ្នកនាំពាក្យបានលើកឡើងថា៖ «ភាគីកម្ពុជា តែងប្រកាន់ខ្ជាប់ការដោះស្រាយបញ្ហាព្រំដែនតាមគ្រប់មធ្យោបាយដោយសន្តិវិធី និងត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តជំរុញការងារវាស់វែងព្រំដែនជាមួយភាគីថៃ ក្នុងគោលដៅរក្សាសន្តិភាពយូរអង្វែង។»
