អ្នកការទូតកំពូលចិន លោក វ៉ាង យី បានជំរុញឱ្យសម្ព័ន្ធមិត្តអ៊ីរ៉ង់ជ្រើសយកការនិយាយគ្នាជាងការប្រយុទ្ធ បន្ទាប់ពីទីក្រុងតេហេរ៉ង់បដិសេធសំណើររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។

ការសន្ទនាតាមទូរស័ព្ទរវាងលោក វ៉ាង និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអង្គារ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់ចិនក្នុងការជួយដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ា។
សង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានរីករាលដាលពាសពេញតំបន់ និងបណ្តាលឱ្យមានកកស្ទះថាមពលកាន់តែអាក្រក់ទៅៗក្នុងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងឆៅ។

ទីក្រុងប៉េកាំងនៅតែជាដៃគូសំខាន់របស់អ៊ីរ៉ង់ ប៉ុន្តែមិនមែនមានន័យថាប្រទេសចិនតែងតែគាំទ្រគ្រប់ការសម្រេចចិត្តរបស់ទីក្រុងតេហេរ៉ង់នោះទេ។ ចិនបានលើកឡើងថា ពួកគេមិនយល់ស្របជាមួយនឹងការវាយប្រហាររបស់អ៊ីរ៉ង់លើបណ្តាប្រទេសក្នុងឈូងសមុទ្រដែលមានមូលដ្ឋានទ័ពរបស់អាមេរិកនោះទេ។
លោក វ៉ាង យី បានប្រាប់លោក Araghchi ថា៖ «ទីក្រុងប៉េកាំងសង្ឃឹមថាគ្រប់ភាគីទាំងអស់អាចចាប់យកឱកាស បើកផ្លូវឆ្ពោះទៅរកសន្តិភាព និងចាប់ផ្តើមដំណើរការចរចាសន្តិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន»។

ចំណែកឯលោក Araghchi បានប្រាប់សមភាគិចិនវិញថា៖ «ភាគីអ៊ីរ៉ង់ប្តេជ្ញាចិត្តក្នុងការសម្រេចបាននូវការបញ្ចប់ជម្លោះដែលសាកសម មិនមែនគ្រាន់តែជាបទឈប់បាញ់បណ្តោះអាសន្ននោះទេ»។
រដ្ឋមន្ត្រីក្រសួងបរទេសអ៊ីរ៉ង់ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ចំពោះជំនួយមនុស្សធម៌ក្នុងប្រទេសខ្លួនផងដែរ។
