ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងធំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនបរទេសចំនួន ១៧ នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងចំនួន ០៤ កន្លែង សរុប ២២ ខ្នងផ្ទះ ដែលមានជនបរទេសស្នាក់នៅចំនួន ៥៧ នាក់ ពី ៦ សញ្ជាតិផ្សេងៗគ្នា។
លទ្ធផលបង្ហាញថា សមត្ថកិច្ចបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែងមួយកន្លែង នៅផ្ទះលេខ ១១៣-១១៥ ផ្លូវ C០១ ក្នុងភូមិក្តីតាកុយ។ ក្រុមជនសង្ស័យទាំង ១៧ នាក់នេះមានជនជាតិចិន ១៦ នាក់ (ក្នុងនោះ ១៣ នាក់គ្មានលិខិតឆ្លងដែន) និងជនជាតិវៀតណាម ០១ នាក់។
សមត្ថកិច្ចបានដកហូតសម្ភារៈបម្រើឲ្យសកម្មភាពឆបោក រួមមានទូរសព្ទដៃ ២៧ គ្រឿង កុំព្យូទ័រ Laptop ០២ គ្រឿង ឧបករណ៍បញ្ជា (CPU) ០១ គ្រឿង និង Monitor ០១ គ្រឿង។
បច្ចុប្បន្ន ទីតាំងនេះត្រូវបានបិទឃ្លុំជាបណ្ដោះអាសន្ន ចំណែកជនសង្ស័យទាំង ១៧ នាក់ រួមនឹងវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី០២ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាប និងបិទខ្ទប់ទីតាំងសរុបចំនួន ២៣៦ កន្លែង។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឲ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។
សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា៖ “កម្ពុជា មិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ”។
