ភ្នំពេញ៖ នគរបាលរាជធានីភ្នំពេញបានចាប់ខ្លួនក្រុមក្មេងទំនើងចំនួន១២នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសធ្ងន់ធ្ងរបីករណីនៅតាមតំបន់ផ្សេងៗក្នុងរាជធានី។

ការចាប់ខ្លួននេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដោយសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ។

ករណីទី១៖ ការលួចម៉ូតូដោយប្រើអំពើហិង្សា នៅវាលស្រែ១០០ ផ្លូវលំ សង្កាត់គោករកា កាលពីថ្ងៃទី២២មីនា វេលាម៉ោង៣ព្រឹក។
ករណីទី២៖ បទហិង្សាដោយចេតនា ដោយប្រើដាវ មួកសុវត្ថិភាព និងដុំថ្ម វាយគប់ជនរងគ្រោះនៅផ្លូវលេខ២០១១ ភូមិខ្មែរលើ សង្កាត់គោករកា។

ករណីទី៣៖ ការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ដែលប៉ះពាល់សុវត្ថិភាពសាធារណៈ នៅផ្លូវកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្រុមជនសង្ស័យទាំង១២នាក់មានអាយុពី១៧ទៅ១៨ឆ្នាំ ដែលរួមមាន៖ ទ្បាយ លីដា (១៧ឆ្នាំ), រិទ្ធ សាតសុមករា (១៧ឆ្នាំ), ហោ អង្គារសភារដ្ឋ (១៧ឆ្នាំ), ងួន អុីទ្រីស័រ (១៨ឆ្នាំ), លីន ចំរេីន (១៨ឆ្នាំ), សូត្រ ច័ន្ទត្រា (១៧ឆ្នាំ), ភន់ តុងឆាយ (១៧ឆ្នាំ), រីន រដ្ឋបញ្ញាបុត្រ (កើត២០០៨), ភឿក ចាន់ហេង (កើត២០០៨), ទ្រី ពិសី (កើត២០០៧), វាសនា សាម៉េត (កើត២០០៣) និង ធៀម សុភត្រា (កើត២០០៤)។

បច្ចុប្បន្ន ជនសង្ស័យទាំងអស់និងវត្ថុតាងកំពុងត្រូវបានកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់។
