ខណៈស្ថានភាពសង្គ្រាមនៅអ៊ីរ៉ង់កំពុងក្តៅឡើង រុស្ស៊ីបានឆ្លៀតឱកាសបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន ដោយបាញ់ដ្រូនជាង១០០០គ្រឿងក្នុងរយៈពេលតែ៣៦ម៉ោង។

យោងតាមការផ្សាយរបស់ CNN កងទ័ពអាកាសអ៊ុយក្រែនបានអះអាងថា ទីក្រុងមូស្គូបានបើកការវាយប្រហារទ្រង់ទ្រាយធំជាបន្តបន្ទាប់លើអ៊ុយក្រែនក្នុងសប្តាហ៍នេះ។ ការវាយប្រហារនេះហាក់ដូចជាការបើកការប្រយុទ្ធក្នុងដំណាក់កាលថ្មីមួយនៅលើសមរភូមិក្នុងប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃទី២៥ខែមីនា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់បញ្ជាដ្រូនជិត៤០០គ្រឿង (៣៩២គ្រឿង) ចេញពីទឹកដីរុស្ស៊ីនៅយប់ថ្ងៃចន្ទដល់ថ្ងៃអង្គារ។
យោធាអ៊ុយក្រែនបានបន្តថា ដ្រូនជាង៥៥០គ្រឿងត្រូវបានបាញ់ចេញពីគោលដៅនានាទូទាំងប្រទេសក្នុងការវាយប្រហារដ៏កម្រ និងសាហាវមួយពេលថ្ងៃកាលពីថ្ងៃអង្គារ និងចំនួន១៤៧គ្រឿងទៀតនៅយប់ថ្ងៃពុធ។

ការវាយប្រហារទ្រង់ទ្រាយធំទាំងនេះបានកើតឡើង ពេលដែលកងកម្លាំងរុស្ស៊ីចាប់ផ្តើមការវាយលុកភាគខាងកើតអ៊ុយក្រែន រួមទាំងការប្រើប្រាស់រថក្រោះ និងរថពាសដែករាប់សិបគ្រឿង។
ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរ ហ្សេលេនស្គី បានព្រមានពីផលវិបាកនៃជម្លោះនៅមជ្ឈិមបូព៌ាសម្រាប់ប្រទេសរបស់ខ្លួន។ លោកបាននិយាយថា៖ «ការវាយប្រហារដោយដ្រូន កាលពីថ្ងៃអង្គារធ្វើឱ្យមនុស្សយ៉ាងហោចណាស់៤០នាក់ នៅក្នុងប្រទេសអ៊ុយក្រែនរងរបួស រួមទាំងកុមារ៥នាក់ផងដែរ»។
អភិបាលខេត្ត Svitlana Onyshchuk ឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្សពីរនាក់ក្នុងតំបន់ Ivano-Frankivsk ភាគខាងលិចប្រទេសអ៊ុយក្រែន បានស្លាប់នៅក្នុងការវាយប្រហារមួយលើមន្ទីរពេទ្យសម្ភព ខណៈ១១នាក់ផ្សេងទៀតរងរបួស។

វិទ្យាស្ថានសម្រាប់ការសិក្សាផ្នែកសង្គ្រាម (ISW) លើកឡើងថា៖ «ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃទី២៣ដល់២៤ខែមីនា តំណាងឱ្យការផ្លាស់ប្តូរដ៏សំខាន់មួយជាយុទ្ធសាស្ត្រវាយប្រហាររបស់រុស្ស៊ី អនុញ្ញាតឱ្យប្រទេសនេះបន្តគំរាមកំហែងតំបន់ជាច្រើនទៀតនៃប្រទេសអ៊ុយក្រែនរយៈពេលយូរ»។
