ភ្នំពេញ៖ កម្លាំងជំនាញអាជ្ញាធរបានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងធំមួយនៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយឃាត់ខ្លួនជនបរទេស ១៧នាក់ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៥ មីនា ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ ការចុះត្រួតពិនិត្យចំនួន៤ទីតាំង សរុប២២ខ្នងផ្ទះ បានរកឃើញជនបរទេសស្នាក់នៅ៥៧នាក់ ពី៦សញ្ជាតិផ្សេងៗគ្នា។
នៅផ្ទះលេខ១១៣-១១៥ ផ្លូវ C០១ ក្នុងភូមិក្តីតាកុយ អាជ្ញាធរបានរកឃើញទីតាំងប្រព្រឹត្តបទល្មើសជាក់ស្តែង ដោយឃាត់ខ្លួនបុរស១៧នាក់ ក្នុងនោះមានជនជាតិចិន១៦នាក់ (១៣នាក់គ្មានលិខិតឆ្លងដែន) និងជនជាតិវៀតណាម១នាក់។ អាជ្ញាធរបានដកហូតសម្ភារៈឆបោករួមមានទូរសព្ទដៃ២៧គ្រឿង កុំព្យូទ័រ Laptop ២គ្រឿង ឧបករណ៍បញ្ជា (CPU) ១គ្រឿង និង Monitor ១គ្រឿង។
បច្ចុប្បន្ន ទីតាំងនេះត្រូវបានបិទឃ្លុំជាបណ្តោះអាសន្ន ចំណែកជនសង្ស័យទាំង១៧នាក់ និងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
យោងតាមគណៈកម្មការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា តាំងពីឆ្នាំ២០២៥ រហូតមកដល់សប្តាហ៍ទី២ ខែមីនា ២០២៦ អាជ្ញាធរបានបិទខ្ទប់ទីតាំងសរុប២៣៦កន្លែង ដោយផ្តន្ទាទោសជនល្មើសចំនួន៦៩៧នាក់។
សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាបោសសម្អាតអំពើឆបោកតាមបច្ចេកវិទ្យាចេញពីកម្ពុជាត្រឹមខែមេសា ២០២៦ ដោយបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាឡើយ។
