
នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានដាក់លិខិតលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រ Frederik X បន្ទាប់ពីរដ្ឋាភិបាលចម្រុះបីគណបក្សដែលលោកស្រីដឹកនាំ មិនទទួលបានជោគជ័យគ្រប់គ្រាន់ក្នុងការបោះឆ្នោតសកល។
សេចក្តីរាយការណ៍ពី aljazeera បានចេញផ្សាយកាលពីថ្ងៃទី២៥មីនា ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ព្រះបរមរាជវាំង ស្តីពីកិច្ចប្រជុំរវាងលោកស្រីនាយករដ្ឋមន្ត្រី Frederiksen និងព្រះមហាក្សត្រ ដែលប្រារព្ធធ្វើឡើងនៅវិមាន Amalienborg ក្នុងទីក្រុង Copenhagen។

នៅក្នុងកិច្ចប្រជុំនោះ លោកស្រីបានរាយការណ៍ពីលទ្ធផលនៃការបោះឆ្នោតសភា និងបានស្នើសុំឲ្យគណបក្សជាប់ឆ្នោតបង្ហាញទស្សនៈរបស់ពួកគេ លើការបង្កើតរដ្ឋាភិបាលបន្ទាប់។
ផ្អែកតាមលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអង្គារ៍ គ្មានគណបក្សណាមួយឈ្នះការបោះឆ្នោតភាគច្រើនដាច់ខាតនៃអាសនៈរដ្ឋសភាសរុបចំនួន១៧៩នោះទេ។ គណបក្សសង្គមប្រជាធិបតេយ្យរបស់នាយករដ្ឋមន្ត្រី Frederiksen បានឈ្នះសំឡេងឆ្នោតច្រើនជាងគេ ប៉ុន្តែប្លុកឆ្វេងនិយមមានត្រឹមតែ៨៤អាសនៈប៉ុណ្ណោះ ខណៈដែលប្លុកស្តាំនិយមមាន៧៧អាសនៈ។

យោងតាមបទប្បញ្ញត្តិ រដ្ឋាភិបាលចម្រុះមួយត្រូវការយ៉ាងហោចណាស់៩០អាសនៈ ដើម្បីគ្រប់គ្រងរដ្ឋសភា។ ទោះជាយ៉ាងណាក៏ដោយ គណបក្សសង្គមប្រជាធិបតេយ្យនៅតែជាគណបក្សធំបំផុតក្នុងប្រទេសដាណឺម៉ាក ជាមួយនឹងការគាំទ្រ២១,៩ភាគរយ។
អត្ថបទ៖ សាង ស្រីល័ក្ខ
