សហរដ្ឋអាមេរិកបានប្រកាសពីប្រតិបត្តិការយោធាដ៏ធំធេងមួយ ដោយវាយប្រហារលើគោលដៅយោធាជាង ១០,០០០កន្លែងនៅក្នុងទឹកដីប្រទេសអ៊ីរ៉ង់។ ការវាយប្រហារនេះបានធ្វើឡើងកាលពីថ្ងៃពុធទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់កណ្តាល (CENTCOM) លោក Brad Cooper។
![]()
លោក Cooper បានបញ្ជាក់ថា ការវាយប្រហារតាមអាកាស និងតាមសមុទ្របានធ្វើឲ្យកងទ័ពជើងទឹករបស់អ៊ីរ៉ង់ស្ទើរតែរលាយទាំងស្រុង។ នាវាចម្បាំងធំៗរបស់អ៊ីរ៉ង់ ៩២% ត្រូវបានបំផ្លាញចោលអស់ ដែលធ្វើឲ្យពួកគេបាត់បង់សមត្ថភាពបញ្ជាកងទ័ពជើងទឹកក្នុងតំបន់។
«ឥឡូវនេះ ពួកគេលែងមានសមត្ថភាពបញ្ជាកងទ័ពជើងទឹកដើម្បីបង្កឥទ្ធិពលក្នុងតំបន់ ឬលើពិភពលោកទៀតហើយ» លោក Cooper បានសង្កត់ធ្ងន់ក្នុងសារជាវីដេអូ។
![]()
ក្រៅពីការកម្ទេចនាវាចម្បាំង សហរដ្ឋអាមេរិកក៏បានកម្ទេចសមត្ថភាពដ្រូនសមុទ្រ និងមូលដ្ឋានមីស៊ីលរបស់អ៊ីរ៉ង់យ៉ាងដំណំ។ ការវាយប្រហារនេះបានកាត់ផ្តាច់រាល់លទ្ធភាពដែលរបបដឹកនាំអ៊ីរ៉ង់ចង់ស្រោចស្រង់កម្លាំងយោធាជើងទឹកឡើងវិញ។
ប្រតិបត្តិការរួមគ្នាជាមួយអ៊ីស្រាអែល ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែកុម្ភៈ បានបណ្តាលឲ្យមនុស្សជាង ១,៣០០ នាក់បាត់បង់ជីវិត រួមទាំងអតីតមេដឹកនាំកំពូលលោក Ali Khamenei។
![]()
ជាការសងសឹក អ៊ីរ៉ង់បានបាញ់ដ្រូន និងមីស៊ីលសំដៅទៅលើប្រទេសអ៊ីស្រាអែល និងបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រដែលមានមូលដ្ឋានទ័ពអាមេរិក។ ការវាយប្រហារឆ្លើយតបនេះបានបណ្តាលឲ្យទាហានអាមេរិក ១៣ នាក់ស្លាប់ និងប្រហែល ២៩០ នាក់ផ្សេងទៀតរងរបួស។
សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ាបានឈានដល់ចំណុចផ្ទុះឡើងយ៉ាងខ្លាំងក្លា ដោយមានការប៉ះទង្គិចគ្នាយោធាដ៏ធំធេងរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់។
