ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំ អាស្រ័យលើការប្តេជ្ញាចិត្តចូលរួមកិច្ចសន្ទនាសង្គមដោយស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធ។

ការអធិបតីរបស់លោករដ្ឋមន្ត្រីក្នុងពិធីបើកវេទិកាទំនាក់ទំនងវិជ្ជាជីវៈសម្រាប់វិស័យ GFT (កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ) នៅថ្ងៃទី២៦ មីនា ២០២៦ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ បានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីទាំងអស់។

“បទពិសោធន៍បង្ហាញថា ទំនាក់ទំនងវិជ្ជាជីវៈរឹងមាំត្រូវការការប្តេជ្ញាចិត្តពីគ្រប់ភាគី ជាពិសេសនិយោជក និងកម្មករនិយោជិត” លោករដ្ឋមន្ត្រីបានថ្លែង។
ក្នុងអំឡុងពេលនេះ លោកបានថ្លែងអំណរគុណចំពោះលោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដា និងលោកស្រី Froukje Boele ប្រធានគម្រោង ILO-BFC ដែលបានសហការរៀបចំវេទិកានេះ។

លោករដ្ឋមន្ត្រីបានពន្យល់ថា ការពង្រឹងការស្វែងយល់ពីគ្នា កិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តរួម គឺជាសសរស្តម្ភនៃទំនាក់ទំនងវិជ្ជាជីវៈ។ គំរូនេះបានក្លាយជាគំរូសកល ដោយផ្តល់ការកែលម្អជាក់ស្តែងនៅក្នុងលក្ខខណ្ឌការងារ និងតម្លាភាពក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។

កម្ពុជាបន្តពង្រឹងយន្តការទ្វេរភាគី ត្រីភាគី និងត្រីភាគីបូក ដើម្បីបង្កើតវប្បធម៌កិច្ចសន្ទនាសង្គមនៅកម្រិតសហគ្រាស ក្រុមហ៊ុន និងរោងចក្រ។ ក្រសួងក៏ពង្រឹងប្រព័ន្ធអធិការកិច្ចការងារ ដើម្បីលើកកម្ពស់ការអនុលោមតាមច្បាប់ និងលក្ខខណ្ឌការងារ។

គិតត្រឹមខែកុម្ភៈ ២០២៦ អង្គការវិជ្ជាជីវៈចំនួន ៦,៨៩០ បានចុះបញ្ជី ស្របតាមអនុសញ្ញាអន្តរជាតិលេខ ៨៧ និង ៩៨។

លោក Christian DesRoches ឯកអគ្គរដ្ឋទូតកាណាដា និងលោកស្រី Froukje Boele បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងវិជ្ជាជីវៈ ដែលកើតចេញពីការប្តេជ្ញាចិត្តរួមរបស់រដ្ឋាភិបាល និយោជក និងសហជីព។

ពួកគាត់ប្តេជ្ញាគាំទ្រការអភិវឌ្ឍប្រព័ន្ធទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំ ដែលជួយបង្កើនផលិតភាព និងស្ថិរភាពការងារ ដោយការចូលរួមរបស់ភាគីទាំងអស់ និងការប្រើប្រាស់បច្ចេកវិទ្យាថ្មី។

លោករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យម្ចាស់ម៉ាកល្បីៗ និងអ្នកបញ្ជាទិញ ដើរតួនាទីសំខាន់ក្នុងការរក្សាទំនាក់ទំនងវិជ្ជាជីវៈ និងពង្រឹងវប្បធម៌អនុលោមភាព ដើម្បីធានាថាកម្ពុជានៅតែមានភាពប្រកួតប្រជែង។

វេទិកានេះបានប្រព្រឹត្តទៅក្នុងពេលវេលាសមស្រប ខណៈស្ថានភាពពិភពលោកមិនប្រាកដប្រជា ដែលតម្រូវឱ្យមានការរួមគ្នាជម្នះឧបសគ្គ និងស្វែងរកដំណោះស្រាយដើម្បីរក្សាបរិយាកាសវិនិយោគ និងការងារជូនកម្មករនិយោជិតក្នុងវិស័យ GFT។
