ភ្នំពេញ៖ កិច្ចប្រជុំយ៉ាងសំខាន់រវាងគណៈកម្មការទី៥នៃរដ្ឋសភា និងក្រសួងព័ត៌មានបានធ្វើឡើងនាព្រឹកថ្ងៃទី២៥ មីនា ២០២៦ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាការពង្រឹងវិស័យព័ត៌មាននៅកម្ពុជា។

លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥) បានដឹកនាំកិច្ចប្រជុំជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូ។ កិច្ចប្រជុំនេះទទួលបានការអនុញ្ញាតពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថា៖ “ទោះបីស្ថាប័នមានតួនាទីខុសគ្នា ប៉ុន្តែយើងមានគោលដៅរួមដូចគ្នា គឺការពារអធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។”

កិច្ចប្រជុំបានផ្តោតលើបញ្ហាសំខាន់ៗជាច្រើន៖
១. ការពង្រឹងសន្តិសុខព័ត៌មាន និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ
២. ការលើកកម្ពស់គុណភាពព័ត៌មានផ្លូវការ
៣. ការអនុវត្តច្បាប់វិស័យសារព័ត៌មាននៅយុគសម័យឌីជីថល

“ព័ត៌មានក្លែងក្លាយ និងហានិភ័យសន្តិសុខតាមប្រព័ន្ធឌីជីថល កំពុងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់វិស័យព័ត៌មាន និងសន្តិសុខជាតិរបស់យើង។” លោក សួស យ៉ារ៉ា បានបន្ត។

កិច្ចប្រជុំក៏បានពិភាក្សាអំពីសារៈសំខាន់នៃការផ្តល់ព័ត៌មានផ្លូវការទាន់ពេលវេលា និងការបង្កើនភាពជឿជាក់របស់សាធារណជនលើប្រភពព័ត៌មានផ្លូវការ ដែលជាកត្តាស្នូលសម្រាប់ការថែរក្សាស្ថិរភាពសង្គម។

អង្គប្រជុំបានឯកភាពថា ការពង្រឹងក្របខណ្ឌច្បាប់គឺមានសារៈសំខាន់ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ និងសណ្តាប់ធ្នាប់ព័ត៌មាន។

កិច្ចប្រជុំនេះឆ្លុះបញ្ចាំងពីការលើកកម្ពស់ការពង្រឹងក្របខ័ណ្ឌច្បាប់ក្នុងវិស័យសារព័ត៌មាន ការធ្វើបរិវដ្តកម្មឌីជីថល និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានផ្លូវការ។

ជំនួបពិភាក្សានេះបានបង្ហាញពីការសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យព័ត៌មាន និងការពារស្ថិរភាពសង្គមរបស់កម្ពុជា។

ដោយ៖ សិលា
