ខេត្តបាត់ដំបង៖ អាជ្ញាធរនគរបាលបានឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើកាំភ្លើងខ្យល់គំរាមសម្លាប់អ្នកជិតខាង ដោយសារតែគំនុំធំ និងការប្រើប្រាស់គ្រឿងញៀន។

តាមការផ្សាយពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រឿន តារ៉ា អាយុ៤៣ឆ្នាំ ដែលរស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ។
ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រើកាំភ្លើងខ្យល់បាញ់គំរាមថានឹងសម្លាប់ជនរងគ្រោះឈ្មោះ ឃីម យួន អាយុ២៧ឆ្នាំ ដែលរស់នៅក្នុងភូមិជាមួយគ្នា។

ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានបាញ់កាំភ្លើងខ្យល់ចំនួន២ដងនៅក្បែរផ្ទះជនរងគ្រោះ និងគំរាមថានឹងសម្លាប់។ មូលហេតុដោយសារការប្រើប្រាស់ថ្នាំញៀន និងមានគំនុំជាមួយគ្នា។
អាជ្ញាធរបានដកហូតបានឧបករណ៍ជាច្រើនរួមមាន៖ កាំបិតចម្រុះ២០ដើម កាំភ្លើងខ្យល់២ដើម បំពង់ដែក២ដើម បំពង់សម្រាប់ធ្វើកាណុងកាំភ្លើងខ្យល់២ដើម ឧបករណ៍ជក់ថ្នាំញៀន និងដែកកេះ២ដើម និងកញ្ឆាក្រៀមមួយចំនួន។
ការពិនិត្យទឹកនោមបានបង្ហាញថា ជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងរាងកាយ។ ឥឡូវនេះ នគរបាលកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការអនុវត្តទោសតាមច្បាប់។
