រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានស្នើសុំពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្នុងជំនួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងអំឡុងពេលកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកនៅប្រទេសកាមេរូន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ លោក Wang បានអះអាងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរតែជាម៉ាស៊ីនសំខាន់នៃទំនាក់ទំនងចិន-អាមេរិក។
«ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មគួរតែជាម៉ាស៊ីននៃទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ហើយភាគីទាំង២គួរតែគ្រប់គ្រងរវាងការប្រកួតប្រជែង និងកិច្ចសហប្រតិបត្តិការឱ្យបានត្រឹមត្រូវ» លោក Wang បានមានប្រសាសន៍។

រដ្ឋមន្ត្រីចិនបានបន្តថា ភាគីទាំងពីរគួរតែពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជៀសវាងការប្រកួតប្រជែងដ៏ខ្លាំងសាហាវ និងរួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីដែលមានសុខភាពល្អ និងមានស្ថិរភាព។
ទោះយ៉ាងណា លោក Wang ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការស៊ើបអង្កេតរបស់អាមេរិកក្រោមមាត្រា៣០១ ដែលគ្របដណ្តប់លើប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងចិនផងដែរ។

កាលពីដើមខែមីនា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសចាប់ផ្តើមការស៊ើបអង្កេតលើកទី២នៃការអនុវត្តពាណិជ្ជកម្មមិនស្មើភាពគ្នាតាមមាត្រា៣០១ លើប្រទេសចំនួន៦០ ដោយសារតែប្រទេសទាំងនោះបរាជ័យក្នុងការចាត់វិធានការលើការងារដោយបង្ខំ។
