
ការកើនឡើងយ៉ាងខ្លាំងនៃតម្លៃប្រេងម៉ាស៊ូត ដោយសារសង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ា កំពុងគំរាមកំហែងឧស្សាហកម្មនេសាទពាន់លានដុល្លាររបស់ថៃ ដោយអ្នកនេសាទព្រមានថានឹងឈប់ដំណើរការទូកក្នុងពេលឆាប់ៗនេះ លុះត្រាតែរដ្ឋាភិបាលអន្តរាគមន៍។
លោក Jumpol Kanawaree ប្រធានសមាគមអ្នកលក់ត្រីខេត្តសាមុតសាកន បានបង្ហាញថា ទូកនេសាទជាងពាក់កណ្ដាលនៅកំពង់ផែសាមុតសាកន បានចូលផែរួចហើយ ហើយទូកផ្សេងៗអាចនឹងឈប់ដំណើរការក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។

«ចាប់ពីថ្ងៃទី១ ខែមេសាទៅ អ្នកអាចនឹងមិនឃើញគេលក់ត្រីទៀតទេ ព្រោះទូកនេសាទលែងអាចទ្រាំទ្រ នឹងការចំណាយរបស់កម្មករនេសាទ និងក្រុមគ្រួសាររបស់ពួកគេបានទៀតហើយ។ ពួកគេនឹងមិនអាចរកប្រាក់ចិញ្ចឹមជីវិតបានឡើយ» លោក Jumpol បាននិយាយ។
ទិន្នន័យរបស់រដ្ឋាភិបាលថៃបង្ហាញថា នៅឆ្នាំ២០២៤ ថៃបាននាំចេញផលិតផលនេសាទក្នុងតម្លៃ៧ប៊ីលានដុល្លារ ទៅកាន់គោលដៅដូចជាសហរដ្ឋអាមេរិក ជប៉ុន និងចិន។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានបញ្ជាក់ថា រដ្ឋាភិបាលកំពុងរៀបចំកញ្ចប់គាំទ្រដល់អ្នកនេសាទ រួមទាំងការផ្គត់ផ្គង់ប្រេងម៉ាស៊ូតជីវ B20 និងប្រេងដូង ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេង។
តម្លៃប្រេងម៉ាស៊ូតថៃបានឡើងដល់៣៨,៩៤បាត (១,១៩ដុល្លារ)/លីត្រ កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលបានបញ្ចប់។ ប្រសិនបើតម្លៃប្រេងឡើងដល់៤០បាត/លីត្រ អ្នកនេសាទនឹងពិបាកខ្លាំង។
អ្នកនេសាទម្នាក់ឈ្មោះ Boonchoo Lonluy បាននិយាយថា៖ «ឥឡូវនេះតម្លៃបានកើនឡើង យើងបានព្យាយាមបើកទូកយឺតជាងមុន ដែលបណ្តាលឱ្យចាប់ត្រីតិចជាងមុន»។

ត្រីប្រហែល៨០០តោនមកពីតំបន់ឆ្នេរសមុទ្រចំនួន២២ ត្រូវបានលក់នៅផ្សារត្រីសាមុតសាកនជារៀងរាល់ថ្ងៃ។ លោក Jumpol បានបន្ថែមថា វិបត្តិប្រេងឥន្ធនៈបច្ចុប្បន្នគឺជាវិបត្តិដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយធ្ងន់ធ្ងរជាងជំងឺរាតត្បាតកូវីដ១៩ទៅទៀត។
