ភ្លើងប្រចណ្ឌបណ្តាលអំពើឃាតកម្មដ៏សែនឈឺចាប់ ប្ដីច្របាច់កសម្លាប់ប្រពន្ធរួចធ្វើអត្តឃាតនៅក្រុងបាវិត

ភ្លើងប្រចណ្ឌបណ្តាលអំពើឃាតកម្មដ៏សែនឈឺចាប់ ប្ដីច្របាច់កសម្លាប់ប្រពន្ធរួចធ្វើអត្តឃាតនៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានអោយដឹងថា នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ មានករណីឃាតកម្មដ៏សែនឈឺចាប់មួយបានកើតឡើងនៅក្រុងបាវិត ដែលបុរសជាប្ដីបានច្របាច់កសម្លាប់ប្រពន្ធ រួចរត់ទៅចងកសម្លាប់ខ្លួនឯង។

កន្លែងកើតហេតុឃាតកម្ម

សមត្ថកិច្ចនៃអធិការដ្ឋានក្រុងបាវិតបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានករណីឃាតកម្មនៅក្នុងបន្ទប់របស់ឈ្មោះសោម គន្ធា និងមានមនុស្សចងកសម្លាប់ខ្លួននៅលើដើមអាកាស្យាជាប់ចិញ្ចឹមផ្លូវ ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតបានចុះទៅការពារនិងចងខ្សែហ៊ុមព័ទ្ធកន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងជំនាញការិយាល័យស្នងការដ្ឋានខេត្ត។

ស្ត្រីដែលស្លាប់ឈ្មោះ ម៉េង ចរិយា អាយុ៣០ឆ្នាំ ជាអ្នកបកប្រែភាសាចិន។ ចំណែកបុរសជាប្ដីឈ្មោះ ផាន សុខា អាយុ៣៩ឆ្នាំ ជាអ្នករត់តាក់ស៊ី។

យោងតាមចម្លើយរបស់សាក្សី សួន សុភាព បានឆ្លើយបំភ្លឺថា កាលពីថ្ងៃទី២៤ ខែមីនា វេលាម៉ោង៧យប់ ខ្លួននិងឈ្មោះចរិយាបានហូបស្រាបៀរជាមួយគ្នា។ ក្រោយមកជនបង្កហេតុជាប្តីបានមកដល់ រួចហើយបានផឹកស្រាបៀរជាមួយគ្នា។ បន្ទាប់មកប្តីប្រពន្ធទាំងពីរនាក់បានឈ្លោះប្រកែកគ្នាដោយខាងប្រុសចោទថាប្រពន្ធរបស់ខ្លួនមានទំនាក់ទំនងជាមួយបុរសម្នាក់ជាជនជាតិចិន។

ក្រោយពីទាស់ពាក្យសម្តីគ្នារួច ស្រី្តជាប្រពន្ធក៏បានជិះម៉ូតូចេញទៅផ្ទះមុន រីឯប្តីបានជិះរថយន្តបើកទៅតាមក្រោយ។

បើតាមចម្លើយរបស់ឈ្មោះ ម៉េង បុប្ផា បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចថា លុះមកដល់ព្រឹកឡើងថ្ងៃទី២៥ ខែមីនា វេលាម៉ោង៧និង៣០នាទីព្រឹក ម្តាយរបស់ខ្លួនបានមកប្រាប់ខ្លួនថា បងថ្លៃខ្លួនឈ្មោះផាន សុខា បានចងកស្លាប់នៅលើដើមឈើ។ បន្ទាប់មកខ្លួនបានរត់ចូលទៅក្នុងផ្ទះ ដើម្បីប្រាប់បងស្រីចរិយា ពេលខ្លួនទៅដល់ស្រាប់តែឃើញបងស្រីខ្លួនបានស្លាប់នៅលើគ្រែក្នុងបន្ទប់ដេក។

ផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព ព្រមទាំងចម្លើយសាក្សីបំភ្លឺ ការពិនិត្យកាមេរ៉ាសុវត្ថិភាព លោកគ្រូពេទ្យកោសល្យវិច័យ និងសមត្ថកិច្ចជំនាញសន្និដ្ឋានបានថា សាកសពប្រពន្ធស្លាប់ដោយសារការច្របាច់ក(អំពើឃាតកម្ម)។ រីឯសាកសពបុរសជាប្ដីគឺស្លាប់ដោយសារការធ្វើអត្តឃាត(ចងកសម្លាប់ខ្លួនឯង)។

សមត្ថកិច្ចនគរបាលបញ្ជាក់ថាមូលហេតុ មានទំនាស់ពាក្យសម្តីក្នុងក្រុមគ្រួសារ(ផ្តើមចេញពីការប្រចណ្ឌ)ទើប ច្របាច់កប្រពន្ធសម្លាប់រួចទើបចងកសម្លាប់ខ្លួនឯងតាមក្រោយ។

បច្ចុប្បន្នសាកសពទាំង០២នាក់សមត្ថកិច្ចនគរបាលបានប្រគល់ជូនឈ្មោះសោម គន្ធា ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្តាយបង្កើតនិងជាម្តាយក្មេកដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុថាន

administrator

Related Articles